(ឡូសអាន់ជែលែស)៖ នាវិកកងទ័ពជើងទឹកអាមេរិក និងក្រុមពន្លត់អគ្គីភ័យនៃទីក្រុងសានឌីហ្គោ (San Diego) ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅតែបន្តសកម្មភាពពន្លត់ភ្លើង ដែលកំពុងឆាបឆេះនាវាដឹកយន្តហោះចម្បាំង USS បុនហូម រីឆាដ (USS Bonhomme Richard) ឈានចូលដល់ថ្ងៃទី៤ហើយ គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអាមេរិក)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០។

ឈានចូលដល់ថ្ងៃទី៤នេះ មនុស្សសរុប ៦៣នាក់បានទទួលរងរបួស ក្នុងនោះ ៤០នាក់ជានាវិក និង ២៣នាក់ជាជនស៊ីវិល ដែលពួកគេសុទ្ធសឹងតែជាក្រុមអ្នក ប្រឹងប្រែង នៅក្នុងការជួយសង្គ្រោះនាវា USS Bonhomme Richard។ បើតាមមេបញ្ជាការនៃកងទ័ពជើងទឹកអាមេរិក ប្រចាំទីក្រុងសានឌីហ្គោ ឧទ្ធម្ភាគចក្រដឹកទឹកបានធ្វើសកម្មភាពសរុបជាង ១,៥០០លើក ដើម្បីដឹកនាំទឹកមកស្រោចលើនាវាដែលឆាបឆេះ ខណៈរថយន្តពន្លត់ និងទូកបាញ់ទឹក នៅតែបន្តសកម្មភាពយ៉ាងសស្រាក់សស្រាំ។

ជុំវិញបញ្ហាខាងលើនេះ អ្នកការពារច្បាប់ផ្នែកនាវាចរណ៍លោក រ៉ូដ ស៊ូលលីវ៉ាន់់ (Rod Sullivan) ដែលជាមន្ត្រីក្នុងជួរកងទ័ពជើងទឹក ខាងលើដែរនោះបានលើកឡើងថា «អគ្គីភ័យដែលឆាបឆេះក្នុងខ្លួននាវាបែបនេះ គឺពិបាកក្នុងការពន្លត់ណាស់។ វាពិតជាពិបាកក្នុងការយកអុកស៊ីហ្សែន ចេញពីលំហរបិទជិតនៅក្នុងនាវា ដូច្នេះវាមិនចម្លែកនោះទេដែលថា អគ្គីភ័យអាចបន្តឆាបឆេះ ជាច្រើនថ្ងៃបែបនេះនៅក្នុងតួនាវា»

គួរបញ្ជាក់ថា នាវាដឹកយន្តហោះចម្បាំង USS Bonhomme Richard មានបណ្តោយប្រវែង ២៥៧ម៉ែត្រ និងត្រូវបានដាក់ឲ្យដំណើរការកាលពីឆ្នាំ១៩៩៨។ មុនការឆាបឆេះកើតឡើងកាលពីថ្ងៃអាទិត្យសប្តាហ៍មុន USS Bonhomme Richard កំពុងស្ថិតនៅក្នុងការបង្កើនសមត្ថភាព ឬ upgrade ដើម្បីឲ្យវាអាចផ្ទុកនាវិកបានរហូតដល់ ១,០០០នាក់៕