(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសបិទទ្វារចរចាពាណិជ្ជកម្មដំណាក់កាលទី ២ (Phase 2) ដែលគ្រោងធ្វើឡើងជាមួយចិននោះហើយ ព្រោះតែបញ្ហាវីរុសកូរ៉ូណាជាដើមចម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CBS នាព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយ CBS លោក ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំគ្មានចំណាប់អារម្មណ៍ទេឥឡូវនេះ ក្នុងការនិយាយជាមួយចិន។ ឱកាសបើកកិច្ចចរចាពាណិជ្ជកម្មដំណាក់កាលទី ២ (Phase 2) ស្លាប់បាត់ទៅហើយ។ យើងបានបង្កើតកិច្ចព្រមព្រៀងដ៏អស្ចារ្យ (Phase 1) រួចមកហើយ។ ប៉ុន្តែនៅពេលកិច្ចព្រមព្រៀងត្រូវបានសម្រេច ហើយទឹកប៊ិចមិនទាន់ស្ងួតផងនោះ ពួកគេបែបជាវាយប្រហារយើងដោយមេរោគ (កូរ៉ូណា)»

គួរបញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ចិនបានសន្យាទិញជំនិញកសិកម្ម ថាមពល និងសេវាកម្មពីសហរដ្ឋអាមេរិក នៅក្នុងទំហំទឹកប្រាក់ ២០០ពាន់លានដុល្លារ សម្រាប់រយៈពេល ០២ឆ្នាំ។ ប៉ុន្តែលោក ត្រាំ បានអះអាងថា បញ្ហាបង្កឡើងដោយ COVID-19 នាពេលបច្ចុប្បន្ននេះ បានធ្វើឲ្យលោកផ្លាស់ប្តូរទស្សនៈចំពោះកិច្ចព្រមព្រៀង Phase 1 នោះទៅហើយ។ មិនត្រឹមតែបញ្ហា COVID-19 នោះឡើយ លោក ត្រាំ ក៏បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិការមួយ ដើម្បីគាបសង្កត់ចិនលើបញ្ហាទីក្រុងហុងកុងផងដែរ។

អស់រយៈពេលរាប់ខែមកហើយ បើគិតចាប់តាំងពីអាមេរិកចាប់ផ្តើមផ្ទុះករណីឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ខ្លាំងក្លានោះ លោក ត្រាំ បានហៅវីរុសកូរ៉ូណាថា «China Virus» និងបានបង្ហាញការសង្ស័យថា ចិនជាអ្នកបង្កើតវីរុសនេះ ដើម្បីវាយប្រហារពិភពលោកថែមទៀតផង។
ទោះជាបែបនេះក្តី បច្ចុប្បន្នក្រុមជំនាញអង្គការសុខភាពពិភពលោក (WHO) កំពុងស្ថិតនៅប្រទេសចិន ដើម្បីស្វែងរកការពិត នៃដើមកំណើតវីរុសកូរ៉ូណាថ្មី ក្រោយទទួលបានការអនុញ្ញាតពីចិន ហើយអាមេរិកខ្លួនឯង ក៏បានប្រកាសស្វាគមន៍ផងដែរ ប៉ុន្តែវាកើតឡើង នៅពេលដែលមហាអំណាចនេះ បានប្រកាសដកខ្លួនចេញពី WHO បាត់ទៅហើយ៕