(ស៊ីដនី)៖ នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) នៅថ្ងៃពុធនេះបានព្រមានថា ប្រទេសនូវែលហ្សេឡង់ត្រូវតែត្រៀមខ្លួនឲ្យបានរួចរាល់ជានិច្ច ក្នុងករណីដែលមានការផ្ទុះឡើងជាថ្មីនៃជំងឺ COVID-19 (រលកទី២) ខណៈពិភពលោកទាំងមូល កំពុងរងគ្រោះកាន់តែធ្ងន់ធ្ងរឡើង ដោយសារជំងឺដ៏កាចសាហាវមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០។

លោកស្រី Jacinda Ardern បានមានប្រសាសន៍ថា ជំងឺ COVID-19 នៅតែបន្តផ្ទុះរីករាលដាលកាន់តែខ្លាំងឡើងៗ នៅក្រៅប្រទេសនូវែលហ្សេឡង់។ ចំណែកឯបណ្តាប្រទេសដែលធ្លាប់បានប្រកាសថា ជោគជ័យក្នុងការគ្រប់គ្រង់លើ COVID-19 ហើយក៏ជាគំរូក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ បច្ចុប្បន្នកំពុងតែជួបប្រទះនឹងការឆ្លងរីករាលដាល ក្នុងកម្រិតសហគមន៍ជាថ្មីម្តងក្នុងនោះមានដូចជា ចិន កូរ៉េខាងត្បូង និងអូស្ត្រាលីជាឧទាហរណ៍។

ដោយការមើលឃើញដូច្នេះ លោកស្រីនាយករដ្ឋមន្ត្រីរូបនេះបានគូសបញ្ជាក់ថា រដ្ឋាភិបាលបានដាក់ចេញនូវក្របខ័ណ្ឌថ្មី ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស ក្នុងករណីមានការផ្ទុះឆ្លងជាថ្មីនៅក្នុងសហគមន៍ ខណៈយុទ្ធសាស្ត្រលុបបំបាត់ (elimination strategy) ដែលខ្លួនធ្លាប់ប្រើពីមុនមក នៅតែជាអាទិភាពដដែល។

គួរជម្រាបថា ប្រទេសនូវែលហ្សេឡង់ ដែលមិនបានរាយការណ៍ពីករណីឆ្លងថ្មីៗ នៅក្នុងសហគមន៍ សម្រាប់រយៈពេលជាង ២ខែកន្លងមក និងធ្លាប់បានប្រកាសពីភាពជោគជ័យលើ COVID-19 ម្តងរួចហើយនោះ បច្ចុប្បន្នមានអ្នកស្លាប់ដោយសារជំងឺនេះ ចំនួន ២២នាក់ ក្នុងចំណោមករណីឆ្លងសរុបប្រមាណ ១,២០០ករណី៕