(ប៉េកាំង)៖ រដ្ឋាភិបាលចិននៅថ្ងៃចន្ទនេះ បានប្រកាសពីការដាក់ទណ្ឌកម្ម ប្រឆាំងក្រុមមន្ត្រីអាមេរិកជាន់ខ្ពស់ជាច្រើននាក់ ក្នុងនោះរួមមានទាំងសមាជិកព្រឹទ្ធសភាអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) និងលោក ថេដ គ្រូស (Ted Cruz) ផងដែរ ជុំវិញសំណុំរឿងជនជាតិដើមភាគតិចមូស្លីម អ៊ុយហ្គឺ (Uighur) ក្នុងតំបន់ស្វយ័ត ស៊ីនជាំង (Xinjiang)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bloomberg នៅរសៀលថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០។

នៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួន ឈុនយីង (Hua Chunying) បាននិយាយថា អាកប្បកិរិយារបស់ក្រុមមន្ត្រី និងអ្នកនយោបាយអាមេរិកមួយចំនួន បាននិងកំពុងបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់ទំនាកទំនងរវាងចិន និងសហរដ្ឋអាមេរិក ហើយទាំងនោះគឺជាទង្វើ ដែលគួរតែត្រូវបានថ្កោលទោស។ លោកស្រី Hua បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «បញ្ហានៅ Xinjiang គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ហើយសហរដ្ឋអាមេរិកគ្មានសិទ្ធិអ្វី ត្រូវមកលូកលាន់នោះទេ។ រដ្ឋាភិបាលចិនបានប្ដេជ្ញាចិត្តជានិច្ច ក្នុងការការពារ អធិបតេយ្យភាពរបស់ខ្លួន និងបង្រ្កាបក្រុមភេរវករ, ក្រុមឧទ្ទាមផ្ដាច់ទឹកដី និងក្រុមជ្រុលនិយមមួយចំនួន»

គួរបញ្ជាក់ថា ការប្រកាសពីការដាក់ទណ្ឌកម្មរបស់ចិនខាងលើ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលអាមេរិក កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បានដាក់ទណ្ឌកម្មលើមន្ត្រីចិនជាច្រើនរូប ដោយចោទពួកគេថា មានជាប់ពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិមនុស្ស ប្រឆាំងនឹងជនជាតិដើមភាគតិចមូស្លីម Uighur ក្នុងតំបន់ Xinjiang៕