(វ៉ាស៊ីនតោន)៖ ទស្សនាវដ្តីសន្តិសុខមួយនៅ សហរដ្ឋអាមេរិកបានចេញផ្សាយថា វាមិនសមហេតុផលទេសម្រាប់នរណាម្នាក់ដែលជឿថា ប្រទេសចិនមានជាប់ពាក់ព័ន្ធយ៉ាងស្មុគស្មាញ នៅក្នុងការបង្កើតជំងឺរាតត្បាតសកល COVID-19 នោះ។ នេះបើតាមការដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាយប់ថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២០។

អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយមួយរូបឈ្មោះ អេរីក ហ្កាតស្កេ (Erik Gartzke) បានប្រាប់ទស្សនាវដ្តីអាមេរិក The National interest ដែលតែងតែចុះផ្សាយអត្ថបទស្តីពីបញ្ហាសន្តិសុខជាតិ និងសកលលោកថា ការចង្អុលគឺជាជំនាញរបស់ទីភ្នាក់ងារ ប៉ុន្តែតើចិនបានផលចំណេញអ្វី ពីការប្រើប្រាស់អាវុធមួយនេះ (COVID-19)? អ្វីផ្សេងក្រៅពីការពិត នោះគឺប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានលាបពណ៌វីរុសនេះថា «វីរុសចិន» ហើយក្រោយមកមន្ត្រីរដ្ឋាភិបាលលោក ក៏បានចេញមកចោទប្រកាន់ដោយផ្ទាល់ ឬដោយប្រយោលចំពោះប្រទេសចិន ថាជាអ្នកបង្កឱ្យមានជំងឺរាតត្បាតនេះផ្ទុះឡើង។

លោក Gartzke បាននិយាយច្បាស់ៗថា «មានភ័ស្តុតាងតិចតួចណាស់ ដែលបញ្ជាក់ថា ជំងឺរាតត្បាតសកលនេះ គឺជាផែនការរៀបចំឡើងនោះ។ វាមិនមែនជារឿងងាយស្រួលឡើយ ដែលត្រូវយកវីរុសទៅវាយប្រហារគូប្រជែង។ អាវុធដែលគេចង់បានបំផុតនោះ គឹជាប្រភេទអាវុធដែលលឿនរហ័ស និងមានប្រសិទ្ធភាព។ សម្រាប់វីរុសវិញនោះ ដូចជាគ្មាននៅក្នុងបញ្ជីអាវុធប្រភេទនោះទេ»។ អ្នកជំនាញរូបនេះ ក៏បានលើកឡើងទៀតថា វីរុសកូរ៉ូណាអាចរាតត្បាតរហ័សមែន ប៉ុន្តែវាមិនមានប្រសិទ្ធភាពនោះឡើយ ហើយចិនក៏មិនអាចទៅបង្កើតអាវុធណា ដែលធ្វើឲ្យប្រជាជនស្លាប់ និងសេដ្ឋកិច្ចខ្លួនរងការខាតបង់នោះដែរ។

អ្វីដែលលោក Gartzke ចង់សួរជាសំនួរបន្ថែមទៀតនោះគឺ តើចិនចង់ឃើញអាមេរិក និងអឺរ៉ុប ឬក៏ប្រទេសជាដៃគូរបស់ខ្លួនផ្សេងទៀតរងគ្រោះដោយសារជំងឺឆ្លង ហើយនាំឲ្យខាតបងសេដ្ឋកិច្ច រួចបង្កភាពអន្តរាយដោយទាំងចិនដែរឬទេ? លោក Gratzke បានសង្កត់ធ្ងន់ជាចុងក្រោយថា នៅពេលដែលសកលលោក រងការរាតត្បាតដោយជំងឺ COVID-19 កាន់តែខ្លាំងឡើង ចិនវិញកំពុងតែឈឺចាប់ដោយសារជំងឺសេដ្ឋកិច្ចកាន់តែខ្លាំងដូចគ្នា ហើយនៅពេលដែលសហរដ្ឋអាមេរិក កំពុងមានសង្គ្រាមពាណិជ្ជកម្មជាមួយចិន ការចោទប្រកាន់ចិនថា ជាមេក្លោងបង្កវិបត្តិជំងឺឆ្លងសកលក៏លេចឡើងតែម្តង ដោយបយើងអាចត្រឹមនិយាយថា «មិនមែនគ្រប់សត្រូវទាំងអស់ សុទ្ធតែមានចេតនាព្យាបាទយើងនោះទេ»៕