(ឌូបៃ)៖ រដ្ឋមន្ត្រីប្រេងរបស់ប្រទេសអ៉ីរ៉ង់លោក ប៊ីចាន ហ្សាងហ្គាណេហ៍ (Bijan Zanganeh) បាននិយាយនៅក្នុងសុន្ទរកថា តាមទូរទស្សន៍នៅថ្ងៃសៅរ៍នេះថា ប្រទេសអ៉ីរ៉ង់បានប្តេជ្ញាអភិវឌ្ឍឧស្សាហកម្មប្រេងរបស់ខ្លួន ទោះបីជាមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពីសំណាក់សហរដ្ឋអាមេរិកក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២០។

លោក Zanganeh បានសង្តត់ធ្ងន់ថា «យើងនឹងមិនចុះចាញ់ទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ យើងត្រូវតែបង្កើនសមត្ថភាព ផលិតប្រេងរបស់យើងឡើងវិញដើម្បីនាំចេញ និងរក្សាចំណែកទីផ្សាររបស់យើង»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ច​ទៅលើប្រទេសអ៉ីរ៉ង់ឡើងវិញ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន​បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ កាលពីឆ្នាំ២០១៨។ បើតាមការប៉ាន់ស្មាន់ អ៉ីរ៉ង់បាននាំចេញប្រេងប្រមាណត្រឹមតែ ១០០,០០០ ទៅ ២០០,០០០បារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះ ពោលគឺមានធ្លាក់ចុះជាង ២.៥លានបារ៉ែល​បើធៀបទៅនឹងការនាំចេញកាលពីខែមេសា ឆ្នាំ២០១៨ កន្លងទៅនេះ៕