(សិង្ហបុរី)៖ ការរាប់សន្លឹកឆ្នោតភ្លាមៗបានបង្ហាញថា ក្នុងការបោះឆ្នោតសកលនៅឯប្រទេសសិង្ហបុរី ដែលបានប្រព្រឹត្តទៅនាថ្ងៃសុក្រនេះ គឺគណបក្សនាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង ទទួលបានអាសនៈច្រើនដាច់គេ ដូចទៅនឹងការសន្និដ្ឋានរបស់ក្រុមអ្នកជំនាញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straits Times នៅយប់ថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០។

លទ្ធផលនៃការរាប់សន្លឹកឆ្នោតជាបឋមបានបង្ហាញឲ្យឃើញថា គិតត្រឹមម៉ោង២៣៖៣៣នាទី គណបក្ស PAP (People's Action Party) របស់លោក លី សៀនឡុង ទទួលបានអាសនៈចំនួនដល់ ទៅជាង៨០អាសនៈ ក្នុងចំណោមអាសនៈសរុប៩៣។ ចំណែកគណបក្សដែលជាគូប្រជែងចម្បងរបស់លោក គឺ WP (Workers' Party) ដឹកនាំដោយលោក ព្រីតាម សីញ (Pritam Singh) ទទួលបានត្រឹម១០អាសនៈប៉ុណ្ណោះ។ នេះគឺជាទិន្នន័យឋបម ដោយលទ្ធផលផ្លូវការ អាចនឹងមានការប្រែប្រួល។

គួរជម្រាបថា បើក្រឡេកទៅលើការបោះឆ្នោតសកលនៅសិង្ហបុរី កាលពីឆ្នាំ២០១៥ វិញ គណបក្សលោក លី ទទួលបានអាសនៈចំនួន ៨៣ ក្នុងចំណោម៨៩អាសនៈ ហើយបើគិតពីសំឡេងឆ្នោតរបស់ប្រជាជនគឺគណបក្ស PAP ទទួលបានការគាំទ្រសរុប៦៩.៦ភាគរយ ។ ប្រទេសសិង្ហបុរីបានបន្តស្ថិតក្រោមការដឹកនាំរបស់គណបក្ស PAP តាំងពីតែពីពេលទទួលបាន ឯករាជ្យ នៅឆ្នាំ១៩៦៥ រហូតមក៕