(ហាណូយ)៖ វិបត្តិជំងឺរាតត្បាតជាសកល COVID-19 បានជះផលប៉ះពាល់អវិជ្ជមានដល់កម្មករខ្ទង់៣១លាននាក់ នៅប្រទេសវៀតណាម ដោយក្នុងនោះ៩០០,០០០នាក់ ត្រូវបាត់បង់ការងារ និងជិត១៨លាននាក់ រកប្រាក់ចំណូលបានតិចជាងមុនឆ្ងាយ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០។

ទិន្នន័យខាងលើត្រូវបានចេញផ្សាយដោយទីភ្នាក់ងារស្ថិតិ (GSO) របស់រដ្ឋាភិបាលវៀតណាម នាថ្ងៃសុក្រនេះ។ យោងតាមការព្យាករណ៍ របស់ទីភ្នាក់ងារ GSO ប្រសិនបើពុំមានការអនុវត្តដំណោះស្រាយ ដើម្បីជំរុញសកម្មភាពអាជីវកម្មឲ្យបានឆាប់រហ័សទេនោះ កម្មករចំនួន ៥លាននាក់ថែមទៀត អាចនឹងត្រូវបាត់បង់របរចិញ្ចឹមជីវិត នៅចុងឆ្នាំនេះ។

ទីភ្នាក់ងារស្ថិតិវៀតណាមបានបញ្ជាក់ថា កម្មករនៅក្នុងប្រទេសវៀតណាម បាននិងកំពុងរងផលប៉ះពាល់អវិជ្ជមានពីវិបត្តិ COVID-19 ដោយសារការកាត់បន្ថយបុគ្គលិក និងការកាត់បន្ថយម៉ោងធ្វើការ ខណៈតួលេខនៃកម្មករដែលរងការប៉ះពាល់ នឹងបន្តកើនឡើងទៀត។ ចំណែកអត្រាអ្នកគ្មានការធ្វើក្នុងទីប្រជុំជន សម្រាប់ត្រីមាសទី២នៃឆ្នាំ២០២០នេះវិញ គឺកើនដល់៤.៤៦ភាគរយ ដែលជាអត្រាខ្ពស់បំផុត សម្រាប់វៀតណាម ក្នុងរយៈពេល១០ឆ្នាំមកនេះ។

គួរជម្រាបថា វៀតណាមបានរកឃើញករណីឆ្លង COVID-19 សរុបត្រឹម៣៦៩នាក់ប៉ុណ្ណោះ ដោយគ្មានអ្នកស្លាប់ឡើយ។ មកទល់ឥឡូវ វៀតណាមពុំបានករណីឆ្លងក្នុងស្រុកផ្ទាល់ប្រមាណ៨១ថ្ងៃមកហើយ។ ទោះជាបែបនេះក្តី សេដ្ឋកិច្ចរបស់វៀតណាម បានរងគ្រោះធ្ងន់ ដោយកំណើនសម្រាប់ត្រីមាសទី២នៃឆ្នាំនេះ បានធ្លាក់មកនៅកម្រិតទាបបំផុត មិនធ្លាប់ជួបក្នុងរយៈពេលយ៉ាងហោច៣០ឆ្នាំចុងក្រោយ ដោយសារវិបត្តិ COVID-19។ ប្រការនេះធ្វើឲ្យគោលដៅកំណើនសេដ្ឋកិច្ចរបស់វៀតណាម សម្រាប់ឆ្នាំ២០២០ ហួសឆ្ងាយពីការឈោង សម្រេចឲ្យបាន៕