(សិង្ហបុរី)៖ ពលរដ្ឋសិង្ហបុរីបានសម្រុកទៅបោះឆ្នោត តាំងតែពីព្រឹកថ្ងៃសុក្រនេះមកម្ល៉េះ ដោយត្រូវបញ្ចប់នៅល្ងាចថ្ងៃដដែលនេះ ហើយចាប់ពីវេលាម៉ោង ៨៖០០នាទីយប់ថ្ងៃសុក្រនេះតទៅ លទ្ធផលក្រោយរាប់សន្លឹកឆ្នោតនឹងត្រូវប្រកាស។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០។

សម្រាប់សារព័ត៌មាន CNA ក៏នឹងមានការ Live តាមរយៈទូរទស្សន៍, វែបសាយ, YouTube និង App របស់ខ្លួនផងដែរ ចាប់ពីវេលាម៉ោង ៨៖០០នាទីយប់នេះតែម្តង។ គណៈកម្មការបោះឆ្នោតសិង្ហបុរី ក៏បានសុំអភ័យទោសផងដែរ ចំពោះពលរដ្ឋទាំងចាស់ទាំងក្មេង ដែលបានឈររង់ចាំយូរដើម្បីបោះឆ្នោត ដោយសារតែមានបញ្ហាផ្នែកស្រោមដៃ ដែលត្រូវពាក់ពេលចូលបោះឆ្នោតម្តងម្នាក់ៗ ដើម្បីការពារការឆ្លងវីរុសកូរ៉ូណា។

គួរបញ្ជាក់ថា កាលពីក្នុងការបោះឆ្នោតសកលឆ្នាំ២០១៥ គណបក្ស PAP (People's Action Party) របស់លោកនាយករដ្ឋមន្ត្រី លី សៀនឡុង បានទទួលអសនៈសរុប ៨៣ លើ ៨៩ អសនៈ ឬស្មើនឹងសំឡេងឆ្នោតប្រជាប្រិយសរុប ៦៩.៩%។ ដោយឡែក សម្រាប់ការបោះឆ្នោតសកល មុនការកំណត់លើកនេះ ត្រូវបានក្រុមអ្នកជំនាញសន្និដ្ឋានថា គណបក្សលោក លី ក៏នឹងនៅតែទទួលជ័យជម្នះដដែល ព្រោះតែការគ្រប់គ្រងជំងឺឆ្លង COVID-19 កន្លងមកមានភាពល្អប្រសើរ និងការព្យាយាមការពារសេដ្ឋកិច្ចសិង្ហបុរី ពីផលប៉ះពាល់យ៉ាងគំហុក នៃជំងឺរាតត្បាតសកលមួយនេះ៕