(សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាស ជូនដំណឹងនៅថ្ងៃសុក្រនេះថា ពិធីបុណ្យសពដ៏ធំមួយនឹងត្រូវរៀបចំជូនអភិបាលក្រុងលោក ផាក វ៉ុនស៊ូន (Park Won-soon) ដែលត្រូវបានគេប្រទះឃើញស្លាប់ នៅពេលរំលងអធ្រាត្រឈានចូលថ្ងៃសុក្រនេះតែម្តង បន្ទាប់ពីកូនស្រីរបស់លោក បានរាយការណ៍ពីការបាត់ខ្លួន កាលពីល្ងាចម្សិលមិញនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yonhap នារសៀលថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០។

អាជ្ញាធរក្រុងសេអ៊ូលបានគូសបញ្ជាក់ថា ពិធីបុណ្យសពរបស់ Park នឹងត្រូវបានធ្វើឡើងតាមរបៀបរបប នៃពិធីបុណ្យសពរបស់អភិបាលក្រុង ដែលមានរយៈពេល ០៥ថ្ងៃនាពេលឆាប់ៗខាងមុខនេះ ខណៈពិធីបុណ្យសពតាមប្រពៃណីកូរ៉េ ជាធម្មតាមានរយៈពេលបីថ្ងៃ។

ប៉ូលិសទីក្រុងសេអ៊ូល ក៏បានរកឃើញកំណត់ហេតុមួយរបស់លោក Park Won-soon ផងដែរ ដោយក្នុងនោះលោកបានសរសេរថា «ខ្ញុំសុំទោសគ្រប់គ្នា។ សុំទោសដែលខ្ញុំផ្តល់ត្រឹមក្តីទុក្ខសោក»។ នៅក្នុងលិខិតបណ្តាំនោះលោក ផាក ក៏បានសំណូមពរឲ្យយកអដ្ឋិធាតុរបស់លោក ទៅដាក់តម្កល់នៅក្នុងផ្នូរ ជាមួយឪពុកម្តាយរបស់លោកផងដែរ។

គួរជម្រាបថា កាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ កូនស្រីលោកផាក បានទៅរាយការណ៍ប្រាប់ប៉ូលិសពីការបាត់ខ្លួនរបស់លោកឪពុករបស់ខ្លួន ដើម្បីបើកប្រតិបត្តិការស្វែងរក។ លុះដល់នៅវេលាម៉ោង ១២៖០១នាទីរំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ប៉ូលិសមួយរូបបានរកឃើញសាកសពរបស់លោកអភិបាលក្រុងរូបនេះ នៅលើភ្នំមួយឈ្មោះប៊ូកាក់ (Bukak) ដែលស្ថិតនៅក្បែរៗលំនៅឋានរបស់លោកតែម្តង។ សមត្ថកិច្ចកូរ៉េខាងត្បូងបានសន្មត់ថា លោក Park Won-soon ទំនងជាបានធ្វើអត្តឃាត។ ប៉ុន្តែទោះជាយ៉ាងណា ការស៊ើបអង្កេតកំពុងបន្តធ្វើឡើង ដើម្បីស្វែងរកឬសគល់នៃរឿងនេះ។

លោក Park Won-soon អាយុ ៦៤ឆ្នាំ បានរងការចោទប្រកាន់ និងស៊ើបអង្កេត ពាក់ព័ន្ធនឹងទង្វើបៀតបៀនផ្លូវភេទ ទៅលើស្ត្រីម្នាក់ដែលជាអតីតមន្ត្រីក្រោមឱវាទរបស់លោក។ ស្ត្រីម្នាក់នោះបានបញ្ជូនពាក្យបណ្តឹងមួយទៅប៉ូលិស ដើម្បីរៀបរាប់អំពីទង្វើមិនគួរគប្បី និងសារប្លែកៗរបស់លោក Park Won-soon ទៅកាន់រូបនាង៕