(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការ ផ្នែកសន្តិសុខការពារជាតិអាមេរិក ឬហៅកាត់ថា DSCA នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានបញ្ជូលលិខិតមួយច្បាប់ ទៅកាន់ សភាអាមេរិក ដើម្បីពន្យល់អំពីគម្រោងលក់យន្តហោះចម្បាំងស៊េរី F-35 ទៅឲ្យជប៉ុន ក្នុងនោះក៏មានប្រភេទ F-35B ចំនួន ៤២គ្រឿងផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០។

F-35B គឺជាប្រភេទយន្តហោះចម្បាំងពិសេស ដែលអាចចុះចត និងហោះឡើងជាលក្ខណៈបញ្ឈរ ដែលអាចជួយដល់សកម្មភាពប្រយុទ្ធ នៅក្នុងសមរភូមិកាន់តែខ្លាំងក្លា ជាមួយនិងកិច្ចសហប្រតិបត្តិការ រវាងនាវាចម្បាំង។ ក្រសួងការបរទេសអាមេរិក បានយល់ព្រមលក់យន្តហោះ ខាងលើនេះហើយ ប៉ុន្តែវាត្រូវរង់ចាំការសម្រេចពីសភាសិន តាមរយៈលិខិតដែលផ្ញើដោយ DSCA។

គួរបញ្ជាក់ថា ក្រៅពីការបញ្ជាទិញ F-35B ប្រទេសជប៉ុនក៏បានស្នើសុំទិញ F-35A ចំនួន ៦៣គ្រឿង និងសព្វាវុធមួយចំនួនថែមទៀតដែរ។ នៅក្នុងលិខិតរបស់ DSCA ទៅកាន់សភាបានបញ្ជាក់ថា ការសម្រេចលក់យន្តហោះចម្បាំងខាងលើនេះ គឺជាផលប្រយោជន៍ជាតិដ៏សំខាន់ និងជាការជួយដល់ជប៉ុនដែលជាសម្ព័ន្ធមិត្ត ឲ្យមានសមត្ថភាពខ្លាំងជាងមុន លើវិស័យការពារជាតិ។

ក្នុងចំណោមយន្តហោះស៊េរី F-35 យន្តហោះចម្បាំងលំដាប់ F-35B ក្នុងមួយគ្រឿងមានតម្លៃជាង ១១៥លានដុល្លារ ខណៈ F-35A វិញមានតម្លៃជិត ៨០លានដុល្លារក្នុងមួយគ្រឿង និង F-35C មានតម្លៃជាង ១០៨លានដុល្លារ ដែលទាំងនេះសុទ្ធសឹងជាផលិតផលរបស់ក្រុមហ៊ុន ឡុកឃីដម៉ាទីន (Lockheed Martin)៕