(ប៉េកាំង)៖ ទីប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេសលោក វ៉ាង យី បានលើកឡើងនូវចំណុចសំខាន់ៗចំនួន ០៣ ដែលអាចធ្វើឱ្យទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិក មានភាពល្អប្រសើរ និងត្រឡប់ទៅផ្លូវដ៏ត្រឹមត្រូវឡើវិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២០។

នៅក្នុងវេទិកាស្តីអំពីប្រព័ន្ធផ្សព្វផ្សាយ ប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង តាមវីដេអូខុនហ្វេរិនជាមួយវិទ្យាសា្ថនសិក្សាស្រាវជ្រាវចិន-អាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ លោក វ៉ាង យី បានបញ្ជាក់ថា មានចំណុចសំខាន់ៗចំនួន ០៣ ដែលអាចស្ដារទំនាក់ទំនាក់ រវាងមហាយក្សសេដ្ឋកិច្ចទាំងពីរឡើងវិញបាន។

ទី១គឺកិច្ចសហប្រតិបត្តិការលើវិស័យនានា ដោយត្រូវកំណត់ឱ្យបានច្បាស់ពីវិស័យ ទំនាក់ទំនងទ្វេភាគី និងបញ្ហាសកលដែលប្រទេសចិន និងសហរដ្ឋអាមេរិកអាចធ្វើការជាមួយគ្នាបាន។ ទី២គឺកិច្ចសន្ទនា ដោយរាល់បញ្ហាទាំងអស់ សហរដ្ឋអាមេរិក និងប្រទេសចិនគួរតែដោះស្រាយ តាមរយៈកិច្ចសន្ទនាដោយសន្តិវិធី។ ចំណែកឯទី៣នោះគឺការដោះស្រាយ និងការគ្រប់គ្រងបញ្ហាដែលភាគីទាំងពីរអាចរកចំណុចរួម និងទទួលបានទាំងសងខាង។

គួរបញ្ជាក់ថា ទំនាក់ទំនងស្ទើរគ្រប់វិស័យរវាងប្រទេសចិន និងសហរដ្ឋអាមេរិកកាន់តែតានតឹងខ្លាំងឡើងៗ ចាប់តាំងពីវីរុសកូរ៉ូណា វាយលុកកាន់តែខ្លាំង ទៅលើសហរដ្ឋអាមេរិក និងការអនុម័តច្បាប់សន្តិសុខជាតិថ្មី លើទីក្រុងហុងកុងជាដើម។ បន្ថែមពីនេះទៀត សហរដ្ឋអាមេរិកបានប្រកាសដើរចេញ ពីអង្គការសុខភាពពិភពលោក (WHO) ដោយចោទអង្គការនេះថា ជាអាយ៉ងរបស់ចិន និងកំពុងរៀបចំផែនការ ដាក់ទណ្ឌកម្មលើក្រុមហ៊ុនធំៗរបស់ចិនបន្ថែមទៀត ដោយយោងលើហេតុផលថា ក្រុមហ៊ុនទាំងនោះគំរាមកំហែង ដល់សន្តិសុខជាតិអាមេរិក៕