(ញូដេលី)៖ ការអនុម័តលើកិច្ចព្រមព្រៀងយោធាមានតម្លៃ ២.៤ពាន់លានដុល្លារ ក្នុងនោះរួមមានទាំងការទិញយន្ដហោះចម្បាំង៣៣គ្រឿងរបស់ឥណ្ឌា ជាមួយរុស្ស៊ី កាលពីសប្ដាហ៍មុន បានបង្កឱ្យមានការជជែកដេញដោលជាច្រើន ជុំវិញគោលនយោបាយរបស់ឥណ្ឌា ពឹងផ្អែកលើទីក្រុងម៉ូស្គូ ខណៈកំពុងមានភាពតានតឹងជាមួយចិន ក្រោយ ផ្ទុះជម្លោះនៅតំបន់ព្រំដែននៃជួរភ្នំហិម៉ាឡៃ (Himalayan)។

អ្វីដែលសំខាន់នៅពេលនេះ នោះគឺថាតើរុស្ស៊ី នៅតែជាមិត្តគួរឱ្យទុកចិត្តបានសម្រាប់ឥណ្ឌាដែរឬទេ ស្របពេលទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង កំពុងល្អូកល្អើន នឹងគ្នាដែរនោះ។ ក្រុមអ្នកជំនាញនយោបាយមួយចំនួនដូចជា លោកស្រី Rajeshwari Rajagopalan ជាសាស្ត្រាចារ្យជំនាញផ្នែកកិច្ចការបរទេសរុស្ស៊ី មកពីសាកលវិទ្យាល័យ Jawaharlal Nehru University ក្នុងទីក្រុងញូដេលី ប្រទេសឥណ្ឌា ជឿជាក់ថាឥណ្ឌានឹងនៅតែបន្តរក្សាទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយរុស្ស៊ី ហើយប្រឹងស្ការទំនាក់ទំនង ជាមួយសហរដ្ឋអាមេរិក។

លោកស្រី Rajagopalan បានពន្យល់ថាឥណ្ឌា អាចនឹងប្រើប្រាស់យុទ្ធសាស្ត្រចាប់ដៃជាមួយរុស្ស៊ីផង និងជាមួយសហរដ្ឋអាមេរិកផង ក្នុងពេលតែមួយ ពោលគឺមិនអាចទេរទៅ ម្ខាងណាដាច់ខាតនោះទេ។ ដ្បិត នៅក្នុងចំណោមមន្ត្រីការទូតឥណ្ឌាជាច្រើន បើទោះជាសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានចេញមុខគាំទ្រឥណ្ឌាពេញទំហឹងនៅក្នុង ជម្លោះព្រំដែនជាមួយចិនក៏ដោយ ក៏ប៉ុន្តែពួកគេនៅតែមានការសង្ស័យដដែល លើទីក្រុងវ៉ាស៊ីនតោន ដោយសារតែស្លាកស្នាមរបួសកាលពីអតីតកាលនៃទំនាក់ទំនង រវាងប្រទេសទាំងពីរ កំឡុងសម័យសង្រ្គាមត្រជាក់ ជាពេលដែលឥណ្ឌានៅកាលណោះរត់រកអតីតសហភាពសូវៀត (រុស្ស៊ី) រីឯសហរដ្ឋអាមេរិក គំាទ្រសត្រូវរបស់ឥណ្ឌា គឺប៉ាគីស្ថាន។

លោកស្រី Rajagopalan បានគូសបញ្ជាក់ដូច្នេះថា៖ «ឥណ្ឌាប្រហែលជានឹងមិនអាចដាក់ពងមាន់ ក្នុងកញ្រ្ចែងតែមួយនោះទេ។ នៅក្នុងន័យនេះ ឥណ្ឌាអាចនឹងបន្តដើរតាមនយោបាយប្រកបដោយការប្រុងប្រយ័ត្ន ដោយចាប់យករុស្ស៊ីផង និងសហរដ្ឋអាមេរិកផង»។

កាលពីសប្ដាហ៍មុន ក្រោយទីក្រុងម៉ូស្គូ បានបញ្ចុះបញ្ចូលឱ្យឥណ្ឌា និងចិន ចូលរួមក្នុងកិច្ច ប្រជុំកំពូលត្រីភាគី និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ ពីចំងាយដើម្បីរំលឹកខួបលើកទី៧៥ នៃជ័យជម្នះរបស់រុស្ស៊ី ក្នុងសង្រ្គាមលោកលើកទី២ រដ្ឋាភិបាលឥណ្ឌា បានសម្រេចចិត្តទិញយន្ដហោះចម្បាំងពីរុស្ស៊ី ៣៣គ្រឿង និងធ្វើបច្ចុប្បន្នភាពយន្ដហោះចម្បាំង៥៩គ្រឿង ផ្សេងទៀត សំដៅពង្រឹងសមត្ថភាពការពារដែនអាកាសរបស់ខ្លួន។ មិនតែប៉ុណ្ណោះ ក្នុងថ្ងៃតែមួយនោះដែរ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ក៏បានទូរស័ព្ទទៅកាន់ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនផងដែរ ដើម្បីអបអរសាទរជោគជ័យនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ហើយដែលនេះបានធ្វើឱ្យលោក ម៉ូឌី ក្លាយជាមេដឹកនាំ ប្រជាធិបតេយ្យធំបំផុត ដែលអបអរលោក ពូទីន។

តែទោះជាយ៉ាងនេះក្ដី រុស្ស៊ីនឹងមិនរើសយកឥណ្ឌា ហើយបែរខ្នងដាក់ចិន នោះទេ តែអាចនឹងដើរតួនាទីជាអាជ្ញាកណ្ដាលបន្ធូរបន្ថយភាពតានតឹង និងជម្លោះព្រំដែនរវាងចិន និងឥណ្ឌា ផ្ទុះឡើងកាលពីថ្ងៃទី១៥ ខែមិថុនាកន្លងទៅ នៅឯតំបន់ Ladakh ដែលបណ្ដាលឱ្យកងទ័ពឥណ្ឌាយ៉ាងហោច២០នាក់ស្លាប់ រីឯចិន មកទល់នឹងពេលនេះ មិនទាន់ បញ្ជាក់ថាតើកងទ័ពរបស់ខ្លួនស្លាប់ ឬរបួសប៉ុន្មាននាក់ឡើយ។

*ធ្លាប់ជាមិត្តចាស់ តែលែងជាដៃគូអាចពឹងផ្អែកបាន?

បើតាមទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (Stockholm International Peace Research Institute) ក្នុងរយៈពេល១០ឆ្នាំមកនេះ ៦០ភាគរយ នៃអាវុធ និងបរិក្ខាយោធា ដែលឥណ្ឌាបានទិញ គឺទិញពីរុស្ស៊ី និង១១ភាគរយទិញពីសហរដ្ឋអាមេរិក។ តែនេះមិនមែនមានន័យជារឿងល្អសម្រាប់ឥណ្ឌានោះឡើយ។ កាលពីឆ្នាំ ២០១៤ រុស្ស៊ីបានលុបចោលបម្រាមលក់អាវុធឱ្យប៉ាគីស្ថាន ដោយបើកផ្លូវ ឱ្យគូសត្រូវរបស់ឥណ្ឌាមួយនេះ អាចទិញឧទ្ធម្ភាគចក្រប្រយុទ្ធពីខ្លួនបាន។ លើសពីនេះទៅទៀត រុស្ស៊ី ក៏បានពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយចិនផងដែរ ក្នុងនោះរួមមានទាំងការលក់យន្ដហោះចម្បាំង និងប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ឱ្យទីក្រុងប៉េកាំង ដែលនេះបានធ្វើឱ្យទីក្រុងញូដេលី អាក់អន់ស្រពន់ចិត្តមិនតិចនោះទេ។

ជុំវិញបញ្ហានេះដែរ លោកស្រី Rajeshwari Rajagopalan បាននិយាយថាអាកប្បកិរិយាបែបនេះរបស់ទីក្រុងម៉ូស្គូ បានធ្វើឱ្យឥណ្ឌាចាប់ផ្ដើមគិតថារុស្ស៊ីបច្ចុប្បន្ន មិនដូចកាលពី មុនឡើយ ពោលគឺកាលពីផ្ទុះជម្លោះព្រំដែនកាលពីពេលថ្មីៗនេះជាមួយចិន រុស្ស៊ីមិនបានចេញមុខគាំទ្រឥណ្ឌា ហើយក៏មិនបានចេញមុខប្រឆាំងនឹងចិននោះដែរ។ ដូច្នេះហើយ ជាជម្រើសល្អ ឥណ្ឌានឹងមិនពឹងផ្អែកលើរុស្ស៊ីដូចពីមុនទៀតនោះទេ តែក៏មិនអាចបានបោះបង់រុស្ស៊ីបាននោះដែរ ដោយសុខចិត្តប្រឹងរក្សាទំនាក់ទំនងល្អជាមួយទីក្រុងម៉ូស្គូផង និងបន្តពង្រីកទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ផង។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងចិន និងរុស្ស៊ី ចាប់ផ្ដើមមានភាពល្អូកល្អើននឹងគ្នារឹតតែខ្លាំង ក្រោយទីក្រុងប៉េកាំង បដិសេធចូលរួមជាមួយបណ្ដាប្រទេសលោកខាងលិច ក្នុងការ ដាក់ទណ្ឌកម្មលើរុស្ស៊ី ដែលបានក្រសោបយកតំបន់ឧទ្វីបគ្រីមៀ ពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤។ ម្យ៉ាងវិញទៀត ខណៈរុស្ស៊ីជាប់ទណ្ឌកម្មមិនអាចនាំចេញឧស្ម័នទៅកាន់ បណ្ដាប្រទេសលោកខាងលិច ចិនថែមទាំងបានបង្កើនការធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ីទៀតផង ដោយកាលពីឆ្នាំ២០១៨កន្លងទៅ ទំហំពាណិជ្ជកម្មបានកើនលើស ១០០ពាន់លានដុល្លារ ហើយប្រទេសទាំងពីរក៏បានសន្យាបង្កើនទំហំពាណិជ្ជកម្មទេ្វដង នៅក្នុងឆ្នាំ២០២០នេះផងដែរ៕

ប្រភព៖ South China Morning Post (ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២០)