(តូក្យូ)៖ ទូរទស្សន៍ជប៉ុន NHK បានរាយការណ៍ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២០នេះថា ទីក្រុងតូក្យូបានកត់ត្រាករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន ២២៤ករណី ដែលជាការបំបែកកំណត់ត្រាថ្មី សម្រាប់ទីក្រុងធំបំផុតរបស់ប្រទេសជប៉ុនមួយនេះ បើរាប់ចាប់តាំងពីមានការផ្ទុះឡើង នៃជំងឺសកលមួយនេះមក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។

ការបំបែកកំណត់ត្រានេះបានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងតូក្យូ ទើបតែបានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ៧៥ករណី កាលពីថ្ងៃពុធម្សិលមិញ ដែលជាចំនួនទាបបំផុតជាលើកដំបូង ក្នុងរយៈពេល ០៧ថ្ងៃកន្លងទៅនេះ។ ទីក្រុងតូក្យូបាន និងកំពុងព្យាយាមទប់ស្កាត់ ការផ្ទុះងើបឡើងវិញនៃការឆ្លងរីករាលដាល COVID-19 ចាប់តាំងពីការប្រកាសអាសន្ននៅទូទាំងប្រទេស ត្រូវបានដកចេញវិញ កាលពីចុងខែឧសភាមកម្លេះ។

អត្រាអ្នកឆ្លងថ្មី នៅក្នុងប្រទេសជប៉ុនមានការធ្លាក់ចុះ បន្ទាប់ពីករណីឆ្លងថ្មីនៅក្នុងរដ្ឋធានី បានកើនឡើងដល់ចំណុចកំពូល កាលពីថ្ងៃទី១៧ ខែមេសាកន្លងទៅនេះ។ តួលេខនៃអ្នកឆ្លងថ្មីៗ ត្រូវបានគេកត់សម្គាល់ថា បានកើនឡើងមកវិញ នារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ នៅពេលដែលអាជ្ញាធរបានចាប់ផ្តើម បើកយុទ្ធនាការតេស្តជាលក្ខណៈទ្រង់ទ្រាយធំ នៅក្នុងតំបន់កម្សាន្តពេលរាត្រី ហ្ស៊ីនជូគុ (Shinjuku) និង អ៉ីកិប៊ូគូរ៉ូ (Ikebukuro)។ រហូតមកទល់ពេល ជប៉ុនមានករណីឆ្លងសរុបជាង ២ម៉ឺនករណី ក្នុងនោះស្លាប់ ៩៨០នាក់ និងជាសះស្បើយជាង ១.៧ម៉ឺននាក់៕