(សេអ៊ូល)៖ តំណាងអនុរដ្ឋមន្ត្រីការបរទេសអាមេរិក និងជាប្រេសិតពិសេសទទួលបន្ទុក កិច្ចការកូរ៉េខាងជើង លោក ស្ទេហ្វិន ប៊ីហ្គាន់ (Stephen Biegun) បានបញ្ចប់ដំណើរទស្សនកិច្ច និងកិច្ចប្រជុំជាមួយក្រុមមន្ត្រីកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះហើយ និងកំពុងត្រៀមបន្តបំពេញទស្សនកិច្ច ទៅកាន់ប្រទេសជប៉ុន ជាទីដែលសំណុំរឿងនុយក្លេអ៊ែរ កូរ៉េខាងជើង នឹងក្លាយជារបៀបវារៈសំខាន់រវាងលោក និងក្រុមមន្ត្រីជប៉ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២០។

នៅក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃពុធម្សិលមិញ លោក Biegun បានច្រានចោលព័ត៌មានដែលថា លោកកំពុងស្វះស្វែងជួបជាមួយក្រុមមន្ត្រីកូរ៉េខាងជើង កំឡុងបំពេញទស្សនកិច្ចនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ប៉ុន្តែលោកបានអះអាងថា សហរដ្ឋអាមេរិកនៅតែបើកចំហទ្វារចរចា ជាមួយទីក្រុងព្យុងយ៉ាង។

លោក Biegun បានជួបពិភាក្សាការងារជាមួយ អតីតមេចារកម្មកូរ៉េខាងត្បូង លោក ស៊ូ ហ៊ូន (Suh Hoon) ដែលទើបតែត្រូវបានតែងតាំងជាទីប្រឹក្សាសន្តិសុខជាតិ របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៉ីន។ ក្រៅពីបញ្ហាកូរ៉េខាងជើង ការដោះស្រាយវិបត្តិ COVID-19 និងការជួយចេញថ្លៃចំណាយ លើកងទ័ពអាមេរិក ដែលកំពុងឈរជើងនៅកូរ៉េខាងត្បូង ក៏ត្រូវបានលើកយកមកពិភាក្សានៅក្នុងជំនួបរវាងលោក Biegun និងលោក Suh Hoon ផងដែរ។

គួរបញ្ជាក់ថា កូរ៉េខាងជើងកាលពីថ្ងៃពុធម្សិលមិញ បានបញ្ជាក់ជំហរជាថ្មីម្ដងទៀតថា ខ្លួនគ្មានបំណងជួបចរចា ជាមួយសហរដ្ឋអាមេរិកនោះទេ បើទោះជាប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកចង់មានកិច្ចប្រជុំកំពូលជាមួយលោក គីម ជុងអ៊ុន ជាថ្មីម្ដងទៀតក៏ដោយ៕