(ដូហា, កាតា)៖ អង្គការសុខភាពពិភពលោក WHO ធ្លាប់បានផ្ដល់អនុសាសន៍ថា វីរុសកូរ៉ូណាថ្មី (COVID-19) អាចចម្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការ ប៉ះពាល់ដោយផ្ទាល់ ឬដំណក់ទឹកតូចៗ ដែលអ្នកឆ្លងជំងឺនេះបញ្ចេញតាមមាត់ ឬក៏ច្រមុះ នៅពេលកណ្ដាស និងក្អក។ ប៉ុន្តែ នាពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រជាច្រើន បានអះអាងថាពួកគេមានភស្តុតាងដែលអាចបញ្ជាក់បានថា COVID-19 ក៏អាចចម្លងទៅមនុស្សតាមខ្យល់ផងដែរ ខណៈអង្គការ WHO បានទទួលស្គាល់ភស្តុតាងនេះហើយ តែនៅត្រូវការការសិក្សាបន្ថែមទៀត។

ខាងក្រោមនេះគឺជាចំណុចសំខាន់ៗទាំង៥ ដែលគួរយល់ដឹងពីការឆ្លង COVID-19 តាមខ្យល់៖

‌‌* អ្វីទៅជាការចម្លងតាមខ្យល់?

អង្គការសុខភាពពិភពលោក WHO ធ្លាប់បានផ្ដល់អនុសាសន៍ថា វីរុសកូរ៉ូណាថ្មី (COVID-19) អាចចម្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះពាល់ដោយ ផ្ទាល់ ឬដំណក់ទឹកតូចៗ ដែលអ្នកឆ្លងជំងឺនេះបញ្ចេញតាមមាត់ ឬក៏ច្រមុះ នៅពេលកណ្ដាស និងក្អក។ ប៉ុន្តែ ក្រុមអ្នកវិទ្យាសាស្ត្រជាច្រើន បានបង្ហាញភស្តុតាងថា
COVID-19 ក៏អាចចម្លងតាមភាគល្អិតតូចនៃវីរុសនេះ នៅក្នុងខ្យល់ផងដែរ នៅពេលមនុស្សស្រូបវាចូល។ ភាគល្អិតទាំងនេះ ជាធម្មតាចេញមកក្រៅនៅពេលមនុស្សស្រែក ឬច្រៀង ហើយវាអាចរស់នៅក្នុងខ្យល់ និងរសាត់អណ្ដែត ក្នុងរយៈពេលយូរ និងបានចំងាយឆ្ងាយ។

* តើការឆ្លងតាមខ្យល់ និងឆ្លងតាមដំណក់ទឹកតូចៗ ខុសគ្នាដូចម្ដេច?

ដំណក់ទឹកតូចៗ ចេញពីមកខាងក្រៅតាមរយៈការក្អក និងកណ្ដាស មានទំហំធំជាងភាគល្អិតតូចៗ អណ្ដែតក្នុងខ្យល់ ឬគេហៅ Aerosols ដោយវាអង្កត់ផ្ចិតពី៥ ទៅ១០ មីក្រូម៉ែត្រ និងសាយភាពពី១ម៉ែត្រ ទៅ២ម៉ែត្រ។ ចំណែកឯ ភាគល្អិតតូចៗ អណ្ដែតក្នុងខ្យល់វិញ គឺវាមានអង្កត់ផ្ចិតតូចជាង ៥មីក្រូម៉ែត្រទៅទៀត និងអាចរសាត់តាមខ្យល់ បានចំងាយលើសពី២ម៉ែត្រ រាប់ចាប់មនុស្សមានផ្ទុក COVID-19 បញ្ចេញវាមកក្រៅ។

* តើ COVID-19 ឆ្លងតាមខ្យល់ដូចម្ដេច?

ភាគល្អិតតូចៗអណ្តែតក្នុងខ្យល់ ឬគេហៅ Aerosols អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមខ្យល់ តាមមធ្យោបាយជាច្រើន ក្នុងនោះរួមមានការដង្ហើម, ការនិយាយ, ការសើច,ការក្អក, ការច្រៀង និងស្រែកជាដើម។

* តើ COVID-19 ឆ្លងតាមខ្យល់ មានអត្រាឆ្លងតិចតួចមែនទេ?

នៅត្រង់ចំណុចនេះ មិនទាន់មានការបញ្ជាក់ឱ្យបានច្បាស់នៅឡើយទេ។ ក្រុមអ្នកវិទ្យាសាស្ត្រ ២៣៩នាក់ មកពី៣២ប្រទេស បានផ្ញើលិខិតចំហមួយច្បាប់ ជាមួយការក្រើន រំលឹកពីហានិភ័យនៃការឆ្លង COVID-19 តាមខ្យល់ ហើយបានស្នើឱ្យ WHO ពិនិត្យឡើងវិញនូវអនុសាសន៍ និងការណែនាំកាលពីពេលមុន។

* តើត្រូវការពារខ្លួនឯងដូចម្ដេច?

ការពាក់ម៉ាសឱ្យបានត្រឹមត្រូវ និងការរក្សាគម្លាតសុវត្ថិភាព នៅតែជាវិធានការបង្ការ និងការពារ ដែលក្រុមអ្នកជំនាញភាគច្រើនផ្ដល់អនុសាសន៍គ្រប់ពេលវេលា។ បន្ថែមពី លើនេះ ពួកគេក៏បានណែនាំផងដែរ ឱ្យជៀសវាងការប្រមូលផ្ដុំគ្នា និងរក្សាអនាម័យខ្លួនប្រាណជាប្រចាំ៕

ប្រភព៖ Al Jzeera (ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២០)