(អូតតាវ៉ា)៖ នាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ទ្រូដូ (Justin Trudeau) បាននិយាយថា កាណាដាបានដោះស្រាយការឆ្លងរាតត្បាត COVID-19 បានល្អប្រសើរជាងបណ្ដាសម្ព័ន្ធមិត្តមួយចំនួនរបស់ខ្លួន ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២០។

កាណាដាដែលមានប្រជាជនតិចជាងសហរដ្ឋអាមេរិកជិត ១០ដង គិតត្រឹមថ្ងៃពុធម្សិលមិញ មានករណីឆ្លង COVID-19 សរុបចំនួន ១០៦,១៦៧ករណី ក្នុងនោះស្លាប់ ៨,៧១១នាក់ ខណៈសហរដ្ឋអាមេរិកវិញ ដែលកំពុងប្រឈមមុខនឹងរលកទី ២ នៃការផ្ទុះ COVID-19 មានករណីឆ្លងច្រើនជាង ៣.១លានករណី ក្នុងនោះស្លាប់ច្រើនជាង ១៣១,០០០នាក់ ហើយនេះជាតួលេខខ្ពស់ជាងគេបំផុត នៅលើពិភពលោក។ នៅក្នុងការបញ្ចេញមតិដ៏កម្រ ជុំវិញការដោះស្រាយវិបត្តិ COVID-19 លោក Trudeau បាននិយាយថា ស្ថានភាពកំពុងមានស្ថេរភាព បើទោះជានៅមានករណីឆ្លង នៅតាមតំបន់មួយចំនួនក៏ដោយ។

លោកនាយករដ្ឋមន្ត្រីកាណាដារូបនេះ បានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «យើងមានសមត្ថភាពគ្រប់គ្រង និងដោះស្រាយ COVID-19 ល្អប្រសើរជាងបណ្ដាប្រទេសជា សម្ព័ន្ធមិត្តរបស់យើងមួយចំនួន ក្នុងនោះរួមមានទាំងអ្នកជិតខាងរបស់យើងផងដែរ ដែលនេះនឹងជួយដល់កិច្ចខិតខំប្រឹងប្រែង បើកសកម្មភាពនានាឡើងវិញ»

គួរបញ្ជាក់ថា កាណាដា និងសហរដ្ឋអាមេរិក បានរាំងខ្ទប់ការធ្វើដំណើរមិនមានសារៈសំខាន់ នៃប្រជាជនប្រទេសទាំងពីរ ចាប់តាំងពីខែមីនាមកម្ល៉េះ និងកំពុងពិភាក្សាគ្នាថា តើគួរតែដកចេញ ឬបន្តបំរាមតទៀត ក្រោយបំរាមនេះត្រូវអស់សុពលភាព នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០៕