(ពិភពលោក)៖ នៅថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ កាសែតចិន People Daily បានរាយការណ៍ឲ្យដឹងថា គ្រោះរអិលបាក់ដីមួយបានកប់មនុស្សទាំងរស់ចំនួន ០៩នាក់នៅខេត្តហ៊ូប៉ី នៅព្រឹកថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២០ នេះតែម្តង បន្ទាប់ពីមានព្យុះភ្លៀងធ្លាក់ដ៏ខ្លាំងបំផុត ពុំធ្លាប់មានឡើយសម្រាប់រយៈពេលប៉ុន្មាន ទស្សវត្សន៍ចុងក្រោយនេះ ដែលបានបង្កជាគ្រោះទឹកជំនន់ និងបានសម្លាប់ជីវិតមនុស្សជាង ១០០នាក់ហើយក្នុងរយៈពេល ជាងមួយសប្តាហ៍មក។

២៖ អាជ្ញាធរសុខាភិបាលរុស្ស៊ី បានរាយការណ៍ឲ្យដឹងនៅថ្ងៃពុធនេះថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ ប្រទេសនេះបានកត់ត្រាករណីឆ្លង COVID-19 ថ្មីៗបន្ថែម ចំនួន ៦,៥៦២ករណី ដែលនាំឲ្យចំនួនសរុបនៃអ្នកឆ្លងនៅទូទាំងប្រទេស បានកើនដល់ ៧០០,៧៩២នាក់។

៣៖ តុលាការកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ បានសម្រេចចេញដីកាបង្គាប់ឲ្យមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន សងសំណងដល់អតីតអ្នកទោស សង្គ្រាមពីរនាក់ ដែលបានចំណាយពេលជាច្រើនទស្សវត្សរ៍ ធ្វើជាកម្មករនៅក្នុងប្រទេសកូរ៉េខាងជើង ដែលនេះគឺជាលើកទី ១ ហើយដែលតុលាការ ទីក្រុងសេអ៊ូល ហ៊ានសម្រេចចិត្តបែបនេះប្រឆាំងនឹងមេដឹកនាំកំពូលរបស់កូរ៉េខាងជើង។

៤៖ អាជ្ញាធរសុខាភិបាលឥណ្ឌានៅថ្ងៃពុធនេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ឥណ្ឌាបានរកឃើញករណីឆ្លងនៃជំងឺ COVID-19 បន្ថែមចំនួន ២២,៧៥២នាក់ និងករណីស្លាប់ថ្មីៗចំនួន ៤៨២នាក់បន្ថែមទៀតនៅទូទាំងប្រទេស។

៥៖ មន្ត្រីជាន់ខ្ពស់ចិនបានអះអាងថា ប្រទេសចិននឹងរីករាយក្នុងការ ចូលរួមកិច្ចចរចាបង្កើតសន្ធិសញ្ញានុយក្លេអ៊ែរថ្មី ជាមួយសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី ប៉ុន្តែរឿងនេះអាចកើតឡើងទៅបាន លុះត្រាណាតែសហរដ្ឋអាមេរិក មានឆន្ទៈក្នុងការកាត់បន្ថយចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ មកនៅស្មើនឹងប្រទេសចិនជាមុនសិន។

៦៖ ការិយាល័យនៃទីភ្នាក់ងារសន្តិសុខចិនលើកដំបូង ត្រូវបានបើកដំណើរការនៅទីក្រុងហុងកុង បន្ទាប់ពីច្បាប់សន្តិសុខជាតិថ្មី ត្រូវបានដាក់ឲ្យអនុវត្តពេញលេញ៕