(វ៉ាស៊ីនតោន)៖ អ្នកជំនាញខាងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក បានធ្វើការព្រមានដ៏កម្រជាសាធារណៈ នៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ពីការអះអាងមិនពិតរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញអត្រាមរណនៃអ្នកជំងឺ COVID-19 នៅសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២០។

លោក អានថូនី ហ្វូស៊ី (Anthony Fauci) នាយកវិទ្យាស្ថានជាតិ អាឡែកហ្សី និងជំងឺឆ្លងអាមេរិកបាននិយាយថា «ប្រសិនបើបណ្តោយខ្លួនឲ្យឆ្លងជំងឺ COVID-19 ដោយសារតែឥរិយាបថមិនទទួលការខុសត្រូវរបស់អ្នក នោះអ្នកនឹងក្លាយជាមូលហេតុចម្បង នៃការធ្វើឲ្យរីករាលដាលជំងឺនេះថែមទៀត»។ អ្នកជំនាញជាន់ខ្ពស់អាមេរិក រូបនេះបានបន្តទៀតថា«មានរឿងច្រើនណាស់ដែលគ្រោះថ្នាក់ និងអាក្រក់ពីវីរុសនេះ ដូចនេះអ្នកមិនត្រូវធេ្វសប្រហែសនោះឡើយ»

គួរបញ្ជាក់ថា ការលើកឡើងនេះធ្វើឡើងស្របពេលដែលរដ្ឋបាលលោក ត្រាំ បន្តផ្សព្វផ្សាយព័ត៌មាន ដែលទាក់ទងទៅនឹងកិច្ចប្រឹងប្រែងរបស់រដ្ឋបាលលោក ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19 ដោយអះអាងពីការធ្លាក់ចុះ នៃអត្រាមរណ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក ។

នៅក្នុងសារបង្ហោះលើបណ្តាញសង្គម Twitter កាលពីពេលថ្មីៗនេះ លោក ត្រាំ បានអះអាងថា សហរដ្ឋអាមេរិកមានអត្រាអ្នកស្លាប់ដោយ COVID-19 ទាបបំផុតនៅលើពិភពលោក។ ដោយឡែកយោងតាមកម្មវិធីស្វែងរកការពិត (fact-checking) របស់បណ្តាញសារព័ត៌មាន CNN ក្នុងចំណោម ២០ ប្រទេសដែលមានអ្នកឆ្លង COVID-19 ច្រើនជាងគេបំផុត ក្នុងនោះយ៉ាងហោចណាស់ ១៤ប្រទេសមានអត្រាអ្នកស្លាប់ទាបជាង សហរដ្ឋអាមេរិកទៅទៀត៕