(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ បាននិយាយថាសហរដ្ឋអាមេរិក កំពុងពិចារណាបិទបណ្ដាញទំនាក់ទំនង សង្គមរបស់ចិន ក្នុងនោះរួមមានទាំង TikTok ដោយសារបារម្ភពីបញ្ហាសន្តិសុខជាតិ។ ការលើកឡើងបែបនេះរបស់លោក ប៉ុមប៉េអូ ធ្វើឡើងចំពេលដែលឥណ្ឌាប្រកាសបិទកម្មវិធី ឬ App របស់ចិនជាច្រើន ហើយអូស្រ្តាលីក៏កំពុងពិចារណា បិទដូចគ្នានេះដែរ។

រំលងបានមួយថ្ងៃ គឺនៅថ្ងៃអង្គារសប្ដាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានទទួលស្គាល់ដែរថា រដ្ឋបាលរបស់លោកពិតជាកំពុងពិចារណាបិទបណ្ដាញទំនាក់ទំនង សង្គម TikTok នៅក្នុងសហរដ្ឋអាមេរិក ពិតមែន។ លោក ត្រាំ មិនបានបញ្ជាក់ថាតើការសម្រេចចិត្តនោះត្រូវធ្វើឡើងនៅពេលណា ឬក៏មានភាពប្រាកដប្រជាប៉ុណ្ណានោះទេ ដោយគ្រាន់តែ ឱ្យដឹងថាការបិទនេះអាចជាមធ្យោបាយសងសឹកមួយចំពោះរដ្ឋាភិបាលទីក្រុងប៉េកាំង ជុំវិញ COVID-19 ដែលបានផ្ដាច់ជីវិតប្រជាជនអាមេរិកច្រើនជាង ១៣០,០០០នាក់ ។ ក៏ប៉ុន្តែ ការប្រកាសបែបនេះកើតមានឡើងនៅក្នុងបរិបទដែលសហរដ្ឋអាមេរិក កំពុងជំរុញឱ្យបណ្ដាប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួនបញ្ឈប់ការប្រើប្រាស់បច្ចេកវិទ្យាចិន ដែលត្រូវបានគេមើល ឃើញថាកំពុងរីកមុខរីកមាត់កាន់តែខ្លាំងនៅលើទីផ្សារពិភពលោក។

* បញ្ហាសន្តិសុខជាតិ?

បណ្ដាញ​ទំនាក់ទំនងសង្គម TikTok ដែលត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០១៦ និងជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ByteDance មានមូលដ្ឋាននៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន ត្រូវបាន គេប៉ាន់ប្រមាណថាមានអ្នកប្រើប្រាស់សកម្មប្រចាំខែ ចន្លោះពី៦៥ ទៅ៨០លាននាក់ នៅក្នុងសហរដ្ឋអាមេរិក។ ដោយមើលឃើញពីការរីកចម្រើនយ៉ាងឆាប់រហ័សបែបនេះឯង ទើបក្រុម សមាជិកព្រឹទ្ធសភាអាមេរិកមួយចំនួន ដូចជាលោក Tom Cotton ជាដើម បង្ហាញក្ដីព្រួយបារម្ភពីសន្តិសុខជាតិ ក៏ដូចជាស្នើឱ្យមានការស៊ើបអង្កេតលើទំនាក់ទំនងរវាងក្រុមហ៊ុន ByteDance និងរដ្ឋាភិបាលទីក្រុងប៉េកាំង ដ្បិតលោកយល់ថា TikTok អាចនឹងត្រូវបានគេប្រើប្រាស់ដើម្បីលូកលាន់កិច្ចការបោះឆ្នោប្រធានាធិបតីអាមេរិក ឆ្នាំ២០២០នេះ។

TikTok ធ្លាប់បានបដិសេធជាច្រើនដងថា មិនដែលបានផ្ដល់ទិន្នន័យអ្នកប្រើប្រាស់របស់ខ្លួនឱ្យរដ្ឋាភិបាលចិនឡើយ ហើយថាបើទោះជាមានការស្នើសុំពីរដ្ឋាភិបាលចិន ក៏ខ្លួននឹងមិន ធ្វើតាមនោះដែរ។ តែទោះជាយ៉ាងនេះក្ដី រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News កាលពីថ្ងៃចន្ទ បានអះអាងថា មិនមែនត្រឹម TikTok ឡើយ ពោលគឺរាល់ក្រុមហ៊ុនបច្ចេកវិទ្យាចិនទាំងអស់ សុទ្ធតែគំរាមកំហែងដល់សន្តិសុខជាតិ ព្រោះតែច្បាប់សន្តិសុខអ៉ិនធើណិតចិន ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំង ស្នើសុំទិន្នន័យរបស់អ្នកប្រើប្រាស់។ លោក ប៉ុមប៉េអូ មិនបានបង្ហាញភស្តុតាងណាមួយបញ្ជាក់ថារដ្ឋាភិបាលចិន បានស្នើសុំទិន្នន័យ ឬព័ត៌មានពី TikTok នោះទេ តែបានឆ្លើយតបទៅនឹង សំនួរពិធិការនីទូរទស្សន៍ Fox News ដូច្នេះថា៖ «បើសិនជាអ្នកចង់ឱ្យទិន្នន័យ ឬព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ធ្លាក់ចូលក្នុងកណ្ដាប់ដៃ​គណបក្សកុម្មុយនិស្ដចិន នោះអ្នកអាចទាញយក (ដោនឡូត) ឬដំឡើង TikTok នៅលើទូរស័ព្ទរបស់អ្នកបាន»។

បើតាមក្រុមមន្ត្រីអាមេរិក ច្បាប់សន្តិសុខអ៉ិនធើណិតចិន បានតម្រូវឱ្យរាល់ក្រុមហ៊ុនបច្ចេកវិទ្យាចិនទាំងអស់ ត្រូវតែផ្ដល់ព័ត៌មានដែលពួកគេទទួលបាន ឬព័ត៌មានស្ដុកទុកលើបណ្ដាញ networks របស់ពួកគេ ដល់អាជ្ញាធរចិន នៅពេលមានការស្នើសុំ។ បន្ថែមពីលើនេះ អង្គភាពយោធាអាមេរិកជាច្រើន ក៏បានដាក់បម្រាមហើយដែរលើបុគ្គលិក និងយោធារបស់ខ្លួន មិនឱ្យដំឡើង TikTok នៅលើទូរស័ព្ទដៃ ឬកុំព្យូទ័រជាដាច់ខាត។

* ការរត់ប្រណាំងបច្ចេកវិទ្យា?

នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផលិតផលបច្ចេកវិទ្យាចិន មានប្រជាប្រិយភាពគួរឱ្យកត់សម្គាល់ នៅក្នុងការប្រជែងជាមួយសហរដ្ឋអាមេរិក នៅលើទីផ្សារពិភពលោក។ ជាក់ស្ដែង អាមេរិកមាន whatsapp, ចិនមាន WeeChat , អាមេរិកមាន Snapchat និង Instagram, ចិនមាន Tik Tok ដែលនេះបានធ្វើឱ្យភាពជាមហាអំណាចបច្ចេកវិទ្យាផ្ដាច់មុខ របស់សហរដ្ឋអាមេរិក ចាប់ផ្ដើមរង្គោះរង្គើរ រហូតដល់រដ្ឋាភិបាលលោក ដូណាល់ ត្រាំ ជំរុញលាយឡំជាមួយការបង្ខំឱ្យបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត កុំប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុន ចិន ក្នុងនោះរួមមានទាំង Huawei និងចុងក្រោយបំផុតគឺបង្ហាញពីបំណងបិទ TikTok ដែលកំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីអ្នកប្រើប្រាស់នៅជុំវិញ ពិភពលោក ជាពិសេសកំឡុងការឆ្លងរាតត្បាត COVID-19។

បើតាមក្រុមហ៊ុន Sensor Tower គិតត្រឹមត្រីមាសដំបូងក្នុងឆ្នាំ២០២០នេះ ដោយរាប់ចាប់ពីខែមករា ដល់ខែមីនាកន្លងទៅនេះ TikTok ត្រូវបានដោនឡូត ឬដំឡើងរហូតដល់ ៣១៥លានដង ខណៈគិតចាប់តាំងពីបង្កើតឡើងកាលពីឆ្នាំ២០១៦ បណ្ដាញទំនាក់ទំនងសង្គមចិនមួយនេះមានអ្នកដោនឡូតរហូតដល់ច្រើនជាង ២ពាន់លាននាក់។

*រុញទូកបណ្ដោយទឹក?

តាមការពិតទៅ គំនិតចង់បិទបណ្ដាញទំនាក់ទំនងសង្គម Tik Tok ត្រូវបានលើកឡើងនៅក្នុងសហរដ្ឋអាមេរិក តាំងតែពីឆ្នាំ២០១៩មកម្លេះ បន្ទាប់ពីក្រុមសមាជិកព្រឹទ្ធសភាអាមេរិក មួយចំនួន ដូចជាលោក Tom Cotton ជាដើម បង្ហាញក្ដីព្រួយបារម្ភពីសន្តិសុខជាតិ ក៏ដូចជាស្នើឱ្យមានការស៊ើបអង្កេតលើទំនាក់ទំនងរវាងក្រុមហ៊ុន ByteDance និងរដ្ឋាភិបាល ទីក្រុងប៉េកាំង ដ្បិតលោកយល់ថា TikTok អាចនឹងត្រូវបានទីក្រុងប៉េកាំង ប្រើប្រាស់ដើម្បីស៊ើបការណ៍សំងាត់ និងលូកលាន់កិច្ចការបោះឆ្នោប្រធានាធិបតីអាមេរិក ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ប៉ុន្តែ គំនិតបែបនេះបានផ្ទុះឡើងជាថ្មី ក្រោយរដ្ឋាភិបាលឥណ្ឌា ប្រកាសបិទកម្មវិធី ឬ App របស់ចិនចំនួន៥៩ ក្នុងនោះរួមមានទាំង TikTok បន្ទាប់ពីមានជម្លោះនៅឯតំបន់ព្រំដែនជាមួយ ចិន ដែលបណ្ដាលឱ្យកងទ័ពឥណ្ឌាយ៉ាងហោច២០នាក់បានស្លាប់ កាលពីខែមិថុនាកន្លងទៅ។ ឥណ្ឌា បានសម្រេចចិត្តបិទ TikTok ដោយសំអាងលើបញ្ហាសន្តិសុខជាតិ ដែលអាមេរិក ធ្លាប់តែអះអាង។ សហរដ្ឋអាមេរិក បានចេញមុខសាទរ និងស្វាគមន៍មុនគេចំពោះការសម្រេចចិត្តរបស់ទីក្រុងញូដេលី។

រដ្ឋបាលលោក ដូណាល់ ត្រាំ ចេញមុខគាំទ្រឥណ្ឌា និងបង្ហាញពីចេតនាចង់បិទ TikTok អាចមកពីលោក ត្រាំ ចង់ឆ្លៀតយកឱកាសនេះ បញ្ចុះបញ្ចូលឱ្យប្រទេសដទៃដែលមិនសូវមាន ទំនាក់ទំនងល្អជាមួយចិន យកគំរូតាមទីក្រុងញូដេលី ដោយចាត់វិធានការប្រឆាំងនឹងកម្មវិធី ឬ App របស់ចិន។ ក្រៅពីឥណ្ឌា ដែលមានអ្នកដោតឡូត TikTok ជិត៦៦០លាននាក់ អូស្រ្តាលីក៏ត្រូវបានគេរាយការណ៍ដែរថាកំពុងពិចារណាបិទបណ្ដាញទំនាក់ទំនងសង្គមចិនមួយចំនួនដូចគ្នា ខណៈទំនាក់ទំនងចិន-អូស្រ្តាលីកំពុងប្រេះឆានឹងគ្នាស្រាប់៕

ប្រភព៖ Bloomberg, ABC News (ថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២០)