(សេអ៊ូល)៖ តុលាការកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ បានសម្រេចចេញដីកាបង្គាប់ឲ្យមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន សងសំណងដល់អតីតអ្នកទោសសង្គ្រាមពីរនាក់ ដែលបានចំណាយពេលជាច្រើនទស្សវត្សរ៍ ធ្វើជាកម្មករនៅក្នុងប្រទេសកូរ៉េខាងជើង ដែលនេះគឺជាលើកទី ១ ហើយដែលតុលាការទីក្រុងសេអ៊ូល ហ៊ានសម្រេចចិត្តបែបនេះ ប្រឆាំងនឹងមេដឹកនាំកំពូលរបស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២០។

បុរសពីរនាក់ដែលម្នាក់មាននាមផ្ទាល់ខ្លួនថា ហាន់ (Han) អាយុ ៨៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ រ៉ូ (Ro) អាយុ ៩០ឆ្នាំ បាននិយាយថា ពួកគេត្រូវបានអាជ្ញាធរកូរ៉េខាងជើង ចាប់ខ្លួនក្នុងអំឡុងសង្គ្រាមនៅឧបទ្វីបកូរ៉េ កាលពីចន្លោះឆ្នាំ ១៩៥០-១៩៥៣ និងបង្ខំឲ្យធ្វើការនៅអណ្តូងរ៉ែធ្យូងថ្ម និងកន្លែងផ្សេងៗទៀតអស់រយៈពេលជាច្រើនទសវត្សរ៍ រហូតទាល់ពួកគេបានរត់គេចពីទីនោះ តាមព្រំដែនប្រទេសចិន។ លោក Ro បានត្រឡប់មកដល់ប្រទេសកូរ៉េខាងត្បូងវិញនៅឆ្នាំ២០០០ ចំណែកឯលោក Han បានមកវិញនៅមួយឆ្នាំបន្ទាប់។ អ្នកទាំងពីរបានសម្រេច ដាក់ពាក្យបណ្តឹងទៅតុលាការកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៦ កន្លងទៅនេះ ដោយបានអះអាងថា អ្នកទាំងពីរបានរងទុក្ខវេទនាខ្លាំងណាស់ទាំងផ្លូវកាយ និងផ្លូវចិត្ត ក្នុងកំឡុងពេលជាប់ជាអ្នកទោស នៅក្នុងប្រទេសកូរ៉េខាងជើង។

ជុំវិញពាក្យបណ្តឹងនេះ តុលាការក្រុងសេអ៊ូលកាលពីថ្ងៃអង្គារម្សិលមិញនេះ បានសម្រេចចេញដីកាបង្គាប់ឲ្យរដ្ឋាភិបាលកូរ៉េខាងជើង និងលោក គីម ជុងអ៊ុន បង់ប្រាក់សងសំណងដល់បុរសទាំងពីរចំនួន ២១លានវ៉ុន ឬប្រហែល ១៧,៥០០ ដុល្លារអាមេរិកក្នុងម្នាក់ៗ សម្រាប់ការប៉ះពាល់ផ្លូវចិត្ត និងផ្លូវកាយយ៉ាងធ្ងន់ធ្ងរ។

គួរជម្រាបថា នៅពេលសង្គ្រាមកូរ៉េត្រូវបានបិទបញ្ចប់ មានអ្នកទោសសង្គ្រាមរបស់កូរ៉េខាងជើង និងចិនចំនួន ១៧០,០០០នាក់ ស្ថិតក្នុងជំរុំ POW របស់កងកម្លាំងអង្គការសហប្រជាជាតិ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ខណៈពេលដែលកងកកម្លាំងកូរ៉េខាងត្បូង និងកងកម្លាំង UN វិញចំនួន ១០០,០០០នាក់ ស្ថិតក្រោមការគ្រប់គ្រង់របស់កូរ៉េខាងជើង។ បើយោងតាមរដ្ឋាភិបាលក្រុងសេអ៊ូល មានតែជនជាតិកូរ៉េខាងត្បូងចំនួន ៨,៣៤៣នាក់ប៉ុណ្ណោះ ដែលត្រូវបានក្រុងព្យុងយ៉ាង ធ្វើមាតុភូមិនិវត្តន៍វិញ៕