(ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌានៅថ្ងៃពុធនេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ឥណ្ឌាបានរកឃើញករណីឆ្លងនៃជំងឺ COVID-19 បន្ថែមចំនួន ២២,៧៥២នាក់ និងករណីស្លាប់ថ្មីៗចំនួន ៤៨២នាក់បន្ថែមទៀតនៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី០៨ ខែកក្កដាឆ្នាំ២០២០។

បើបូកបន្ថែមតួលេខថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេសខាងត្បូងមួយនេះបានកើនដល់ ៧៤២,៤១៧ករណីហើយ ដោយក្នុងនោះអ្នកជំងឺ ២០,៦៤២នាក់ស្លាប់បាត់បង់ជីវិត និង ៤៥៦,៨៣១នាក់ទៀត បានជាសះស្បើយឡើងវិញ។ ក្នុងន័យនេះតួលេខនៃអ្នកជំងឺសកម្ម ឬអ្នកជំងឺដែលកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនាពេលបច្ចុប្បន្នមានចំនួន ២៦៤,៩៤៤នាក់។

គួរជម្រាបថា ប្រទេសឥណ្ឌាបានក្លាយជាប្រទេសដែលមានអ្នកឆ្លង COVID-19 ជាងច្រើងគេបំផុតលំដាប់ទី ៣ នៅលើពិភពលោក និងលេខ ១ ប្រចាំទ្វីបអាស៊ី (ទាំងករណីឆ្លងសរុប និងអត្រាឆ្លងប្រចាំថ្ងៃ) បន្ទាប់ពីបានវ៉ាដាច់រុស្ស៊ី កាលពីថ្ងៃចន្ទកន្លងទៅនេះ។

ទោះជាយ៉ាងនេះក្តី ប្រទេសឥណ្ឌាបានឈានចូលដំណាក់កាលបន្ធូរបន្ថយកម្រិត ២ ប៉ុន្តែការរឹតបន្តឹងនៅតែបន្តអនុវត្តនៅក្នុងតំបន់ ដែលមានករណីឆ្លងផ្ទុះខ្លាំងនៅឡើយ។ កាលពីថ្ងៃសុក្រសប្តាហ៍មុន អគ្គនាយកផ្នែកអាកាសចរណ៍ស៊ីវិលឥណ្ឌាបានប្រកាសថា ការហោះហើរអន្តរជាតិចូល និងចេញពីប្រទេសឥណ្ឌា នឹងបន្តផ្អាករហូតដល់ថ្ងៃទី ៣១ ខែកក្កដា៕