(វ៉ាស៊ីនតោន)៖ នាយកការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) តាមរបាយការណ៍ពីក្រុមស៊ើបអង្កេត នៅបរទេសបាននិយាយថា ចិនកំពុងសម្លឹងរកអ្វីដែលខ្លួនចង់បាន ចេញពីការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅថ្ងៃទី០៣ ខែវិចិ្ឆកា ខាងមុខនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២០។

នាយក FBI លោក គ្រីស្តូហ្វឺ វ៉ារេយ (Christopher Wray) បានធ្វើការកត់សម្គាល់ដូចខាងលើ កំឡុងការចូលរួមវេទិកាមួយនៅឯវិទ្យាស្ថាន ហ៊ូដសុន (Hudson Institute) នៅថ្ងៃអង្គារសប្ដាហ៍នេះ។ លោក Wray បានគូសបញ្ជាក់ដូច្នេះថា «យុទ្ធនាការពង្រីកឥទ្ធិពលរបស់ចិន មានគោលដៅលើគោលនយោបាយ និងតួនាទីរបស់យើង ២៤ម៉ោងក្នុងមួយសប្ដាហ៍ និង ៣៦៥ថ្ងៃក្នុងមួយឆ្នាំ។ នេះមិនមែនជាការគំរាមកំហែងរយៈពេលខ្លីនោះទេ តែវាគឺជាការគំរាមកំហែងរៀងរាល់ឆ្នាំ និងគ្រប់ពេលវេលា»

នាយក FBI រូបនេះ មិនបានបញ្ជាក់ថា តើចិនគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ ឬក៏បេក្ខជនប្រធានាធិបតីអាមេរិកមកពី គណបក្ស ប្រជាធិបតេយ្យលោក ចូ បៃដិន នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែវិចិ្ឆកាខាងមុខនេះឡើយ ខណៈដែលបេក្ខជនទាំងពីរបក្ស សុទ្ធតែរិះគន់ចិនយ៉ាងខ្លាំងដូចគ្នា។

ទោះជាយ៉ាងនេះក្ដី នាយក FBI មិនបានចាត់ទុកថា ការសម្លឹងមើលដោយចិននេះ គឺជាការគំរាមកំហែងគួរឲ្យកត់សម្គាល់នោះឡើយ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនគួរតែត្រៀមខ្លួន នៅក្នុងករណីមានការលូកលាន់។ យ៉ាងណាក៏ដោយទីក្រុងប៉េកាំង តែងតែទាត់ចោល ការចោទប្រកាន់បែបនេះ ហើយចាត់ទុកថា «វាគ្មានមូលដ្ឋាន» និងមានតែធ្វើឱ្យខូចដល់ទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរតែប៉ុណ្ណោះ៕