(សេអ៊ូល)៖ មន្ត្រីទទួលបន្ទុកកិច្ចចរចាជាមួយកូរ៉េខាងជើង មកពីសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង នឹងជួបពិភាក្សាក្នុងថ្ងៃពុធនេះ ដើម្បីរិះរកវិធីដែលត្រូវបន្តធ្វើទៅមុខទៀត បន្ទាប់ពីប្រទេសកូរ៉េខាងជើង បានប្រកាសច្បាស់ៗថា គ្មានបំណងបើកកិច្ចប្រជុំកំពូលជាលើកទី ៣ ជាមួយសហរដ្ឋអាមេរិកទៀតឡើយ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២០។

មន្ត្រីអាមេរិកតំណាងឲ្យអនុរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចចរចាជាមួយកូរ៉េខាងជើង ដឹកនាំដោយលោក ស្ទេហ្វិន ប៊ីហ្គាន់ (Stephen Biegun) បានមកដល់ប្រទេសកូរ៉េខាងត្បូង កាលពីយប់ថ្ងៃអង្គារម្សិលមិញនេះ ដើម្បីត្រៀមចូលរួមកិច្ចពិភាក្សាជាមួយ សមភាគីកូរ៉េខាងត្បូង។

មិនត្រឹមតែដើម្បីពិភាក្សាបញ្ហាកូរ៉េខាងជើងប៉ុណ្ណោះទេ លោក Stephen Biegun ក៏នឹងលើកយកបញ្ហាវីរុសកូរ៉ូណា និងការបង់ថ្លៃចំណាយបន្ថែមពីសំណាក់ទីក្រុងសេអ៊ូល ដើម្បីរក្សាវត្តមានយោធាអាមេរិកនៅកូរ៉េខាងត្បូង នៅក្នុងកិច្ចប្រជុំថ្ងៃពុធនេះដែរ។ លោក Stephen Biegun នឹងជួបពិភាក្សាជាមួយអនុរដ្ឋមន្ត្រីការពារបរទេសកូរ៉េខាងត្បូង ឆយ សីយ៉ាង (Choi Sei-young) និងប្រធានកិច្ចចរចានុយក្លេអ៊ែរលោក លី ដូហ៊ូ ( Lee Do-hoon) នៅក្នុងរដ្ឋធានីសេអ៊ូល។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារម្សិលមិញនេះ លោក ក្វុន ចុងហ្គាន់ (Kwon Jong Gun) នាយកទទួលបន្ទុកកិច្ចការ ពាក់ព័ន្ធសហរដ្ឋអាមេរិក នៃក្រសួងការបរទេសកូរ៉េខាងជើង បានចោទប្រកាន់កូរ៉េខាងត្បូងថា បានធ្វើការបកស្រាយខុសចំពោះពាក្យសម្តី នៃអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោកស្រី ឆេ សុនហ៊ុយ (Choe Son Hui) ដោយក្នុងនោះសារព័ត៌មានកូរ៉េខាងត្បូងមួយចំនួន បែរជាបានចុះផ្សាយថា កិច្ចប្រជុំកំពូលលើកទី ៣ រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន អាចនឹងកើតមានឡើង។

ជុំវិញការបកស្រាយខុសខាងលើនេះ លោក Kwon បានឆ្លើយតបវិញថា «វាដល់ពេលហើយ ដែលត្រូវបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងអ្នកដទៃ តែវាហាក់ដូចជាគ្មានវិធីព្យាបាលឡើយ ចំពោះទម្លាប់ដ៏អាក្រក់បែបនេះ។ និយាយឱ្យចំទៅ យើងគ្មានអារម្មណ៍ចង់អង្គុយទល់មុខគ្នា ជាមួយសហរដ្ឋអាមេរិកទេ»