(ប៉េកាំង)៖ សម្រាប់របាយការណ៍ស្តីអំពី COVID-19 នៅថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលចិន បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន ០៨ករណីបន្ថែមទៀត ដែលសុទ្ធតែជាប្រភេទករណីនាំចូលទាំងអស់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។

បើតាមការបញ្ជាក់របស់គណៈកម្មាការសុខភាពជាតិចិន បានឲ្យដឹងថា ករណីឆ្លងថ្មីៗទាំងអស់ខាងលើ គឺសុទ្ធតែជាប់ពាក់ព័ន្ធនឹងអ្នកដំណើរចូលមកប្រទេសចិន ខណៈពេលដែលទីក្រុងប៉េកាំង ជាទីដែលមានចង្កោមចម្លងថ្មីនោះ មិនមានករណីឆ្លងថ្មីឡើយ សម្រាប់របាយការណ៍ថ្ងៃនេះ។

គិតត្រឹមថ្ងៃអង្គារនេះ ប្រទេសចិនមានករណីឆ្លងសរុប ៨៣,៥៦៥ ករណី ដោយចំនួនអ្នកស្លាប់សរុបនៅរក្សាត្រឹម ៤,៦៣៤ នាក់ដដែល ពោលគឺគ្មានអ្នកស្លាប់សូម្បីតែម្នាក់ សម្រាប់រយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ៕