(វ៉ាស៊ីនតោន)៖ សភាពាណិជ្ជកម្មអាមេរិក និងសមាគម-អង្គការពាណិជ្ជកម្មច្រើនជាង៤០ បានជំរុញឱ្យក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក និងចិន បង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី១ ដែលត្រូវបានចុះហត្ថលេខាដោយមេដឹកនាំប្រទេសទាំង២ កាលពីខែមករាកន្លងទៅ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២០។

នៅក្នុងលិខិតមួយច្បាប់ផ្ញើជូនរដ្ឋមន្ត្រីរតនាគារជាតិអាមេរិក លោក Steven Mnuchin, តំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer និងឧបនាយករដ្ឋមន្ត្រីចិន លោក Liu He សភាពាណិជ្ជកម្មអាមេរិក និងសមាគម-អង្គការពាណិជ្ជកម្មខាងលើ ក៏បានអំពាវនាវផងដែរឱ្យចិន បង្កើនការទិញផលិតផល និងសេវាកម្មនានា ពីសហរដ្ឋអាមេរិក។ ពួកគេបានបន្ថែមទៀតថាការស្ដារឡើងវិញនូវកំណើនសេដ្ឋកិច្ចសកស គឺពឹងផ្អែកមួយផ្នែកលើភាពជោគជ័យនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មចិន អាមេរិក ដែលបានជួយបន្ធូរបន្ថយភាពតានតឹង និងសង្រ្គាមដំឡើងពន្ធបានមួយរយៈធំមកនេះ។

ប៉ុន្តែ ក្រុមអ្នកជំនាញខ្លះមើលឃើញថាការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី១ កំពុងជួបឧបសគ្គខ្លាំង ស្របពេលទំនាក់ទំនងអាមេរិក និងចិន មានភាពតានតឹង នឹងគ្នា ដោយសារបញ្ហាជាច្រើនដូចជា COVID-19, ច្បាប់សន្តិសុខជាតិទីក្រុងហុងកុង និងតំបន់សមុទ្រចិនខាងត្បូង ដែលសុទ្ធសឹងតែជាបញ្ហាអាចនឹងបង្កការរាំងស្ទះ ដល់កិច្ចព្រមព្រៀងនេះ៕