(កាលីហ្វ័រញ៉ា)៖ ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យនានានៅអាមេរិក និងអង់គ្លេស​បានបញ្ចេញលទ្ធផលសិក្សាថ្មីមួយ ដោយពន្យល់អំពីមូលហេតុដែលស្នូលដែករាវក្តៅ​នៃភពផែនដីយើង ស្ថិតនៅក្នុងជម្រៅទៅក្នុងដីរហូតដល់ ២,៨០០គីឡូម៉ែត្រនោះ អាចបង្កឲ្យដែនកម្លាំងម៉ាញេទិចផែនដី ផ្លាស់ប្តូរលឿនជាងការគិតពីមុនរហូតដល់ ១០ដង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sky News នាព្រឹកថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២០។

ការសិក្សាខាងលើនេះបានរកឃើញថា ដែនម៉ាញេទិចភពផែនដី មានការផ្លាស់ប្តូរទិសដៅកម្រិត ២.៥ដឺក្រេក្នុងមួយឆ្នាំៗ អស់រយៈកាល ៣៩,០០០ឆ្នាំមកហើយ ដែលវាពិតជាលឿនជាងអ្វី ដែលក្រុមអ្នកវិទ្យាសាស្ត្រធ្លាប់បានសន្និដ្ឋានកាលពីមុនឆ្ងាយណាស់។ ស្នូលរបស់ភពផែនដីយើង ដែលជាសារធាតុដែករាវដ៏មហាសែនក្តៅ អាចផលិតថាមពលម៉ាញេទិច ប្រៀបដីដូចជាចរន្តអគ្គិសនី បញ្ចេញទៅក្នុងទីអវកាសនៅជុំវិញភពផែនដី ដោយវាក្លាយជាខែលដ៏រឹងមាំក្នុងការការពារ​ការជះរលកវិទ្យុសកម្មដ៏គ្រោះថ្នាក់ពីពន្លឺព្រះអាទិត្យ ទើបជីវិតសត្វ និងរុក្ខជាតិនានាលើភពផែនដី អាចរក្សាវត្តមានបានមកទល់នឹងសព្វថ្ងៃនេះ។

សម្រាប់ឧទាហរណ៍យ៉ាងច្បាស់នៃការផ្លាស់ប្តូរដែនម៉ាញេទិច ដ៏រហ័សរបស់ភពផែនដីនោះ គឺការចុះខ្សោយដែនម៉ាញេទិច នៅចន្លោះទ្វីបអាមេរិកភាគកណ្តាល និងមហាសមុទ្រអាត្លង់ទិក ដែលក្រោយមកបាតុភូតនេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រដាក់ឈ្មោះឲ្យថា Laschampt event ឬកំឡុងពេលខ្លីនៃការចល័តប្តូរទិស​នៃដែនម៉ាញេទិចផែនដី។ អំឡុងពេលនៃការផ្លាស់ប្តូរទិសដែនម៉ាញេទិចដ៏រហ័ស ដែលនាំទៅរកការធ្លាក់ចុះកម្លាំងម៉ាញេទិចនៅតំបន់មួយចំនួន​ខុសពីធម្មតាបែបនោះហើយ ទើបធ្វើឲ្យសារធាតុវិទ្យុសកម្ម​មានឱកាសជ្រៀតចូលក្នុងភពផែន ហើយភស្តុតាងត្រូវបានបង្ហាញយ៉ាងច្បាស់​ តាមរយៈសំណល់ធាតុវិទ្យុសកម្មពីព្រះអាទិត្យ​នៅក្នុងដុំទឹកកកអាយុរាប់ម៉ឺនឆ្នាំលើផែនដី។

ទោះបីជាការសិក្សាអំពីបម្រែបម្រួលនៃដែនម៉ាញេទិចផែនដី ត្រូវបានធ្វើឡើងតែតាមរយៈផ្កាយរណប ប៉ុន្តែមួយរយៈចុងក្រោយនេះ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញលទ្ធផលច្រើនអនេក។ លទ្ធផលដ៏គួរឲ្យរន្ធត់នោះ គឺដែនម៉ាញេទិចភពផែនដី​បានបាត់បង់ឥទ្ធិពលប្រមាណ ១០%ជាមធ្យម នៅក្នុងរយៈពេល ២០០ឆ្នាំចុងក្រោយនេះ ហើយយើងអាចស្មានដឹងរឿងនេះតាមរយៈតំបន់​ដែលមានការចុះខ្សោយខ្លាំងជាងគេ នោះគឺស្ថិតនៅ​មហាសមុទ្រអាត្លង់ទិកខាងត្បូង ចន្លោះទ្វីបអាមេរិកខាងត្បូង និងអាហ្វ្រិក។

តំបន់ចន្លោះទ្វីបទាំងពីរខាងលើនេះ ត្រូវបានគេកំណត់ឈ្មោះរួចមកហើយនោះគឺ South Atlantic Anomaly បានធ្លាក់ចុះកម្លាំងម៉ាញេទិចខ្លាំង​នៅអំឡុង ៥០ឆ្នាំចុងក្រោយនេះ ដោយវាបានចល័តប្តូរទៅកាន់ទិសខាងលិចវិញ។ ឥឡូវនេះ​បណ្ឌិត គ្រីស ដេវីស (Chris Davies) នៃសាកលវិទ្យាល័យ លីដស៍ (Leeds) និងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ California សិក្សាអំពីមហាសមុទ្រ បានស្វែងយល់អំពីបម្រែបម្រួល នៃខែលការពារជាតិលើផែនដី។

តាមរយៈការប្រើប្រាស់កម្មវិធីកុំព្យូទ័រ វិភាគអំពីចលនាបម្រែបម្រួល​នៃដែនម៉ាញេទិច​ក្នុងរយៈពេល ១០០,០០០ឆ្នាំចុងក្រោយនេះ បណ្ឌិត Chris Davies និងក្រុមការងារបានរកឃើញថា ចលនាប្រែប្រួលខាងលើនេះ មានល្បឿនលឿនជាង ១០ដង លើសពីការគណនាពីមុន។ បណ្ឌិត Chris Davies ថែមទាំងបានបញ្ជាក់ទៀតថា ការប្រែប្រួលដ៏រហ័សនៃទិសដែនម៉ាញេទិច បានចេញលទ្ធផល តាមរយៈការធ្វើឲ្យតំបន់ណាមួយចុះខ្សោយខ្លាំងដូច South Atlantic Anomaly ជាឧទាហរណ៍ស្រាប់។

យ៉ាងណាក៏ដោយ សម្រាប់បម្រែបម្រួលដែនម៉ាញេទិច​កាន់តែលឿនខ្លាំង នៅក្នុងរយៈពេល ៤០០ឆ្នាំចុងក្រោយនេះ គឺក្រុមអ្នកវិទ្យាសាស្ត្រមិនទាន់មានការពន្យល់នោះឡើយ ព្រោះការសិក្សាកំពុងបន្តទៅមុខទៀត ជាពិសេសគឺទៅលើចលនានៃស្នូលរបស់ភពផែនដី ដែលជាកម្លាំងចលករដ៏សំខាន់បំផុត នៃការបង្កើតឲ្យមាននូវកម្លាំងម៉ាញេទិច៕