(វ៉ាស៊ីនតោន)៖ ជាថ្មីម្តងទៀត ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានហៅជំងឺរាតត្បាតសកល COVID-19 ថា «China Virus ឬវីរុសចិន» ហើយថែមទាំងបានអះអាងថា អត្រាមរណៈដោយសារវីរុសនេះ នៅសហរដ្ឋអាមេរិក គឺមានចំនួនទាបជាងគេបំផុតនៅលើពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CGTN នាព្រឹកថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ បានសរសេរបង្ហោះនៅលើគណនី Twitter ផ្លូវការរបស់ខ្លួន នៅថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) យ៉ាងដូច្នេះថា «អត្រាមរណភាពដោយសារវីរុសចិន នៅសហរដ្ឋអាមេរិក គឺមានចំនួនទាបជាងគេបំផុតនៅលើពិភពលោក។ មិនតែប៉ុណ្ណោះ អត្រាអ្នកស្លាប់នោះទៀតសោតកំពុងធ្លាក់ចុះយ៉ាងខ្លាំង ពោលគឺធ្លាក់ចុះចំនួន ១០ដង បើប្រៀបធៀបនឹងពេលរាតត្បាតដំបូង ហើយសេដ្ឋកិច្ចយើងកំពុងងើបឡើងវិញខ្លាំងលើសដើម»

តាមរយៈសំណេរខាងលើ ប្រធានាធិបតីអាមេរិករូបនេះ បានរងការរិះគន់ជុំទិសជាថ្មីម្តងទៀត ជុំវិញការហៅជំងឺរាតត្បាតសកល COVID-19 ថាជា «វីរុសចិន» និងការអះអាងរបស់លោក ស្តីអំពីស្ថានការណ៍ COVID-19 នៅសហរដ្ឋអាមេរិកថា មានសភាពធូរស្រាល ឬតូចតាច ដែលជាក់ស្តែង សហរដ្ឋអាមេរិកបច្ចុប្បន្ន មានករណីឆ្លងប្រមាណជាង ៣លានករណីដោយក្នុងនោះស្លាប់ជាង ១៣ម៉ឺននាក់។ អាមេរិកគឺជាប្រទេសដែលមានចំនួនអ្នកឆ្លង និងស្លាប់ដោយ COVID-19 ច្រើនជាងគេបំផុតនៅលើពិភពលោក៕