(ព្យុងយ៉ាង)៖ មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង មួយរូបបានថ្លែងថា ប្រទេសមួយនេះគ្មានបំណងក្នុងការរៀបចំកិច្ចប្រជុំកំពូលជាលើកទី ៣ ជាមួយសហរដ្ឋអាមេរិកនោះឡើយ ហើយទីក្រុងព្យុងយ៉ាង ក៏បានអំពាវនាវឲ្យទីក្រុងសេអ៊ូល ឈប់លូកលាន់កិច្ចការផ្ទៃក្នុងរបស់ខ្លួនផងដែរ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២០។

លោក ក្វុន ចុងហ្គាន់ (Kwon Jong Gun) នាយកទទួលបន្ទុកកិច្ចការ ពាក់ព័ន្ធសហរដ្ឋអាមេរិក នៃក្រសួងការបរទេសកូរ៉េខាងជើង បានចោទប្រកាន់កូរ៉េខាងត្បូងថា បានធ្វើការបកស្រាយខុសចំពោះពាក្យសម្តី នៃអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោកស្រី ឆេ សុនហ៊ុយ (Choe Son Hui) ដោយក្នុងនោះសារព័ត៌មានកូរ៉េខាងត្បូងមួយចំនួន បែរជាបានចុះផ្សាយថា កិច្ចប្រជុំកំពូលលើកទី ៣ រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន អាចនឹងកើតមានឡើង។

ជុំវិញការបកស្រាយខុសខាងលើនេះ លោក Kwon បានឆ្លើយតបវិញថា កូរ៉េខាងជើងគ្មានអារម្មណ៍ត្រូវការ កិច្ចប្រជុំកំពូលថ្មីណាមួយនោះទេ។ ការលើកឡើងពីសំណាក់មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងនេះ ក៏ជាការឆ្លើយតបទៅនឹងការស្នើសុំ ពីសំណាក់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៉ីន ផងដែរឲ្យលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ ជួបពិភាក្សាជាថ្មីឡើងវិញ ឲ្យបានមុខការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។

លោក Kwon បានថ្លែងយ៉ាងដូច្នេះថា «វាដល់ពេលហើយ ដែលត្រូវបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងអ្នកដទៃ តែវាហាក់ដូចជាគ្មានវិធីព្យាបាលឡើយ ចំពោះទម្លាប់ដ៏អាក្រក់បែបនេះ។ និយាយឱ្យចំទៅ យើងគ្មានអារម្មណ៍ចង់អង្គុយទល់មុខគ្នា ជាមួយសហរដ្ឋអាមេរិកទេ»