(ហុងកុង)៖ ការិយាល័យអប់រំទីក្រុងហុងកុង នៅថ្ងៃចន្ទនេះ បាននិយាយថាសាលារៀនទាំងអស់នៅក្នុងទីក្រុងហុងកុង មិនត្រូវផ្គត់ផ្គង់សៀវភៅ ឬសម្ភារៈអាននានា ដែលបំពានលើច្បាប់សន្តិសុខជាតិនោះទេ។ នេះបើតាមការិយាល័យអប់រំទីក្រុងហុងកុង ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០។

ទីក្រុងប៉េកាំង កាលពីសប្ដាហ៍មុន បានដាក់ច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុង ដើម្បីទប់ស្កាត់សកម្មភាពផ្ដាច់ទឹកដី, បង្កចលាចល, ភេរវកម្ម និងការគប់គិត ជាមួយបរទេស ដើម្បីបំផ្លាញសន្តិសុខជាតិ ហើយអ្នកដែលល្មើសនឹងច្បាប់នេះធ្ងន់ធ្ងរអាចនឹងជាប់ពន្ធនាគារអស់មួយជីវិត។

ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ការិយាល័យអប់រំទីក្រុងហុងកុង បានបញ្ជាក់ដូច្នេះថា៖ «សាលារៀននានាគឺជាអ្នកត្រួតពិនិត្យធនធានបង្រៀន និងការគ្រប់គ្រងសាលា ហើយគ្រូបង្រៀនវិញគួរតែ ត្រួតពិនិត្យលើសម្ភារៈបង្រៀនទាំងអស់ ក្នុងរួមមានទាំងសៀវភៅ...ក្នុងន័យនេះ គឺថាដូចគ្នាទៅនឹងបទឧក្រិដ្ឋធ្ងន់ធ្ងរ និងអាកប្បកិរិយាអសីលធម៌ ដែលមិន អាចទទួលយក សៀវភៅ ឬសម្ភារៈអាន ក៏គួរតែត្រូវបានដកចេញផងដែរ បើវាបំពានលើច្បាប់សន្តិសុខជាតិ»

ការិយាល័យអប់រំទីក្រុងហុងកុង បន្ថែមទៀតថា សៀវភៅ ឬសម្ភារៈអាន អាចទទួលបានការអនុញ្ញាត សម្រាប់តែការបង្រៀនប្រកបដោយ «ភាពវិជ្ជមាន» ពីច្បាប់ សន្តិសុខជាតិថ្មីតែប៉ុណ្ណោះ៕