(សិង្ហបុរី)៖ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង បានជំរុញឱ្យប្រជាជនសិង្ហបុរីទាំងអស់ គាំទ្ររូបលោក និងគណបក្សសកម្មភាពប្រជាជន (PAP) របស់លោក ដើម្បីដោះស្រាយវិបត្តិ COVID-19 និងបញ្ហាសេដ្ឋកិច្ច ខណៈសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ ការបោះឆ្នោតសកលនឹងឈានចូលមកដល់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០។

កំឡុងយុទ្ធនាការឃោសនាបោះឆ្នោតតាមអនឡាញ លោក លី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីដោះស្រាយវិបត្តិនេះ ខ្ញុំត្រូវការជំនួយពីអ្នកទាំងអស់គ្នា។ ខ្ញុំមិនអាចធ្វើរឿងនេះតែម្នាក់ឯងបានឡើយ។ ខ្ញុំត្រូវការក្រុមការងារដ៏ខ្លាំងពូកែ ដែលយើងអាចរកបាន ដើម្បីធ្វើការជាមួយខ្ញុំ និងអ្នកទាំងអស់គ្នា»។ លោក លី ដែលជាអគ្គលេខាធិការគណបក្ស PAP ក៏បានសង្កត់ធ្ងន់ដែរថា ក្នុងពេលវេលាដ៏សំខាន់នេះ សិង្ហបុរីត្រូវការរដ្ឋាភិបាលមួយ ពោពេញដោយសមត្ថភាព ដែលទទួលបានការគាំទ្រពីប្រជាជនទាំងអស់។

គួរជម្រាបថា សិង្ហបុរីនឹងរៀបចំការបោះឆ្នោតសកល នៅថ្ងៃទី១០ ខែកក្កដានេះ ស្របពេលមានការរំពឹងជាច្រើនថា ប្រជាជនសិង្ហបុរីអាចនឹងបោះឆ្នោតគាំទ្រ គណបក្សកាន់អំណាច PAP ឱ្យបន្តដឹកនាំប្រទេសតទៅទៀត ខណៈគណបក្សមួយនេះមិនដែលចាញ់ នៅក្នុងការបោះឆ្នោតម្ដងណាឡើយ គិតចាប់តាំងពីសិង្ហបុរីទទួលបានឯករាជ្យនៅឆ្នាំ១៩៦៥៕