(ប៉េកាំង)៖ នៅថ្ងៃចន្ទនេះអាជ្ញាធរឧតុនិយមចិន បានធ្វើការប្រកាសអាសន្ន «កម្រិតពណ៌លឿង» ចំពោះព្យុះភ្លៀង ខណៈដែលគ្រោះធម្មជាតិប្រភេទនេះ កំពុងបន្តបង្កការបំផ្លេចបំផ្លាញ តំបន់នានាស្ទើរទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០។

តាមរយៈសេចក្តីថ្លែងការណ៍ ដែលបានប្រកាសជូនដំណឹងនៅថ្ងៃចន្ទនេះ មជ្ឈមណ្ឌលឧតុនិយមជាតិចិនបានឲ្យដឹងថា ចាប់ពីថ្ងៃចន្ទនេះរហូតដល់ព្រឹកថ្ងៃអង្គារ នឹងមានព្យុះភ្លៀងធ្លាក់ខ្លាំង នៅតាមតំបន់មួយចំនួនធំដូចជា សៀហៃ (Shanghai),ជាងស៊ូ (Jiangsu), ជីជាំង (Zhejiang), អានហ៊ុយ (Anhui), ជាំងស៊ី (Jiangxi), ហ៊ូប៉ី (Hubei), ហ៊ូណាន (Hunan), ឆុងឈីង (Chongqing), គួយចូវ (Guizhou), យូណាន (Yunnan) និងហៃឡុងជាំង (Heilongjiang)។

ក្នុងសេចក្តីប្រកាសជូនដំណឹងដដែលនេះ មជ្ឈមណ្ឌលឧតុនិយមជាតិចិន បានសង្កត់ធ្ងន់ទៀតថា តំបន់ខាងលើនេះនឹងមានបរិមាណទឹកភ្លៀងលើសពី ៨០មីលីម៉ែត្រក្នុងមួយម៉ោងអមដោយ ផ្គររន្ទះ និងខ្យល់បក់ខ្លាំងផងដែរ។ នៅចំពោះស្ថានការណ៍បែបនេះ អាជ្ញាធរក្នុងតំបន់បានណែនាំ ដល់ប្រជាពលរដ្ឋរបស់ខ្លួន ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ដែលអាចបង្កឡើងដោយព្យុះទឹកភ្លៀង ក្នុងកម្រិតខ្ពស់មួយនេះ។

គួរជម្រាបថា ចាប់តាំងពីខែមិថុនាមក ទឹកភ្លៀងបានបន្តបក់បោកផ្នែកធំៗ នៅភាគខាងត្បូងប្រទេសចិន ខណៈពេលដែលទឹកទន្លេជាច្រើន នៅក្នុងតំបន់ដែលរងផលប៉ះពាល់ទាំងនេះ បានកើនឡើងដល់កម្រិតប្រកាសអាសន្ន។ ប្រទេសចិនមានប្រព័ន្ធប្រកាសអាសន្ន ស្តីអំពីគ្រោះធម្មជាតិចំនួន ០៤កម្រិត ដែលពណ៌ក្រហមជាកម្រិតធ្ងន់ធ្ងរបំផុត បន្ទាប់មកពណ៌ទឹកក្រូច (បង្គួរ) បន្ទាប់មកទៀតពណ៌លឿង (មធ្យម) និងចុងក្រោយពណ៌ខៀវ ដែលជាកម្រិតធូរស្រាលជាងគេ៕