(ញូយ៉ក)៖ ក្រុមអ្នកវិទ្យាសាស្ត្ររាប់រយនាក់បាននិយាយថា មានភស្តុតាងជាច្រើនបង្ហាញអំពីភាគលិ្អតតូចនៃវីរុសកូរ៉ូណាថ្មី (COVID-19) នៅក្នុងខ្យល់អាកាស អាចចម្លងដល់មនុស្ស និងបានអំពាវនាវឱ្យអង្គការសុខភាពពិភពលោក (WHO) ត្រួតពិនិត្យឡើងវិញនូវអនុសាសន៍ ឬការណែនាំរបស់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន New York Times នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០។

អង្គការ WHO ធ្លាប់បានបញ្ជាក់ឱ្យដឹងថា COVID-19 អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈតំណក់ទឹកតូចចេញពីច្រមុះ ឬមាត់ នៅពេលដែលអ្នកមានផ្ទុកជំងឺនេះកណ្ដាស់ ឬក្អក។ ប៉ុន្តែបើតាមសារព័ត៌មាន New York Times ដោយផ្អែកលើលិខិតចំហមួយច្បាប់ផ្ញើជូន WHO របស់ក្រុមអ្នកវិទ្យាសាស្ត្រ ២៣៩នាក់មកពីប្រទេសចំនួន៣២ ដែលគ្រោងនឹងចេញផ្សាយការសិក្សាថ្មីមួយ នៅសប្ដាហ៍ក្រោយនេះបានឱ្យដឹងថា មានភស្ដុតាងថ្មីបន្ថែមទៀត អាចបញ្ជាក់បានថា ភាគល្អិតតូចៗនៃវីរុសកូរ៉ូណាថ្មី (COVID-19) នៅក្នុងខ្យល់អាកាស ក៏អាចចម្លងដល់មនុស្សផងដែរ នៅពេលស្រូបវាចូល។

គួរបញ្ជាក់ថា អង្គការ WHO មិនទាន់ធ្វើការអត្ថាប្បាយអ្វីឡើយនៅទេ តែកាលពីពេលមុន ទីភ្នាក់ងារសុខាភិបាលអង្គការសហប្រជាជាតិមួយនេះ ធ្លាប់បានបញ្ជាក់ថា ភស្តុតាងដែលក្រុមអ្នកស្រាវជ្រាវរកឃើញថា វីរុសកូរ៉ូណាថ្មីអាចរស់នៅ ឬចម្លងទៅមនុស្សតាមខ្យល់អាកាស មិនទាន់មានភាពប្រាដកជា ឬអាចជឿជាក់បានទាំងស្រុងនោះទេ។ បច្ចុប្បន្នវីរុសកូរ៉ូណាត្រូវបានគេមើលឃើញថា កំពុងវាយលុកខ្លាំងនៅទ្វីបអាមេរិក និងតំបន់អាស៊ីខាងត្បូង ខណៈតំបន់ជាច្រើនទៀត ក៏កំពុងឲ្យសញ្ញាថា នឹងអាចផ្ទុះរលកទី២ នៃការឆ្លងផងដែរ៕