(ញូដេលី)៖ អាជ្ញាធរឥណ្ឌាកាលពីល្ងាចថ្ងៃអាទិត្យ បានសម្រេចចិត្តលុបចោល គម្រោងបើកប្រាសាទតាច់ម៉ាហាល់ (Taj Mahal) នោះវិញហើយ ដោយអាជ្ញាធរបានលើកឡើងអំពី ហានិភ័យនៃការរីករាលដាល COVID-19 នៅក្នុងតំបន់នោះ ដែលនៅតែមានសន្ទុះខ្លាំងក្លានៅឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០។

អាជ្ញាធរក្នុងតំបន់បានចេញសេចក្តីណែនាំថ្មីមួយ កាលពីល្ងាចថ្ងៃអាទិត្យ ដោយបញ្ជាឲ្យពន្យារពេលបន្ថែមទៀត ចំពោះការដាក់វិធានការរឹតត្បិតលើវិមាន និងប្រាសាទនានា នៅក្នុងតំបន់ជុំវិញទីក្រុងអាក្រា (Agra) ដ្បិតថាស្ថានការណ៍ COVID-19 នៅមិនទាន់ធូរស្រាលនៅឡើយទេ។ ទោះជាយ៉ាងណា បទបញ្ជានេះមិនបានបញ្ជាក់ពីរយៈពេលពិតប្រាកដ នៃការពន្យារពេលបន្ថែមនេះទេ។

គួរជម្រាបថា កាលពីថ្ងៃទី១៧ ខែមីនា កន្លងទៅនេះ ក្រសួងវប្បធម៌ឥណ្ឌាបានប្រកាសបិទប្រាសាទ Taj Mahal ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកដ៏អស្ចារ្យមួយ ដែលមានអ្នកទេសចរទៅកម្សាន្តប្រមាណ ៧០,០០០នាក់ក្នុងមួយថ្ងៃ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺ COVID-19។ រហូតមកទល់ពេល ប្រទេសដែលមានប្រជាជនជាង ១.៣ពាន់លាននាក់មួយនេះ មានករណីឆ្លង COVID-19 សរុបជាង ៦៩.៧ម៉ឺនករណី ក្នុងនោះស្លាប់ជាងជិត ២ម៉ឺននាក់ និងជាសះស្បើយជាង ៤២ម៉ឺននាក់៕