(អាហ្វ្រិក)៖ អាជ្ញាធរអាហ្វ្រិកខាងត្បូងកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានរាយការណ៍ថា ខ្លួនបានរកឃើញអ្នកឆ្លង COVID-19 ដល់ទៅជិត ១១,០០០នាក់ ដែលជាអត្រាឆ្លងប្រចាំថ្ងៃដ៏ខ្ពស់បំផុតមិនធ្លាប់មាន សម្រាប់ប្រទេសអាហ្រ្វិកមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ២០២០។

អត្រាអ្នកឆ្លង COVID-19 ប្រចាំថ្ងៃ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលអាហ្រ្វិកខាងត្បូង កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ បាន បង្ហាញថា អ្នកឆ្លងដល់ទៅ១០,៨៥៣នាក់ ត្រូវបានរកឃើញបន្ថែមទៀត ធ្វើឲ្យតួលេខអ្នកឆ្លងសរុបកើនដល់១៨៧,៩៧៧នាក់ គិតចាប់ តាំងតែពីជំងឺនេះបានរាតត្បាតមកដល់ប្រទេសអាហ្រ្វិកខាងត្បូង ជាលើកដំបូងកាលពីខែមីនា ឆ្នាំ២០២០។

គួរជម្រាបថា សម្រាប់ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅអាហ្រ្វិកខាងត្បូងវិញ គឺបានកើនដល់៣,០២៦នាក់ ក្រោយបូកបន្ថែម ជាមួយតួលេខអ្នកស្លាប់ថ្មី៧៤នាក់។ ប្រចាំនៅទ្វីបអាហ្រ្វិកទាំងមូល អាហ្រ្វិកខាងត្បូងគឺជាប្រទេសដែលមានករណីឆ្លងច្រើនជាងគេ បង្អស់៕