(ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌា នៅថ្ងៃសៅរ៍នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ២២,០០០នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ហើយការឆ្លងបានកើនឡើងខ្លាំង នៅតំបន់ភាគខាងលិច ខណៈតំបន់ភាគខាងត្បូងនៃប្រទេសកំពុងប្រឈមមុខនឹងគ្រោះទឹកជំនន់ បង្កឡើងដោយភ្លៀងមូសុង។ នេះ បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២០។

បូកបញ្ចូលករណីឆ្លងថ្មីខាងលើ ធ្វើឱ្យអ្នកឆ្លង COVID-19 សរុបទូទាំងប្រទេសកើនលើស ៦៤០,០០០នាក់។ អាជ្ញាធរសុខាភិបាលឥណ្ឌា បានឱ្យដឹងទៀតថាមនុស្ស ៤៤២នាក់ ក៏បានស្លាប់ផងដែរ នាំឱ្យអ្នកស្លាប់សរុបកើនដល់ ១៨,៦៩៥នាក់ និងជាសះស្បើយឡើងវិញ ៣៩៥,៥៧៨នាក់។ ឥណ្ឌាបច្ចុប្បន្ន គឺជាប្រទេសមានអ្នកឆ្លង COVID-19 ច្រើនលំដាប់ទី៤ នៅលើពិភពលោក តាមពីក្រោយរុស្ស៊ី, ប្រេស៊ីល និងសហរដ្ឋអាមេរិក៕