(កាប៊ុល)៖ ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក ម៉ូហាំម៉ាត់ យូសូហ្វ ហ្គាហ្សាន់ហ្វា (Mohammad Yousuf Ghazanfar) ត្រូវបានគេរាយការណ៍ឲ្យដឹងថា បានទទួលមរណភាពហើយនៅថ្ងៃសុក្រសប្តាហ៍នេះ ដោយសារជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២០។

លោក Ghazanfar ដែលជាទីប្រឹក្សាជាន់ខ្ពស់ ទទួលបន្ទុកអភិវឌ្ឈសេដ្ឋកិច្ចពាណិជ្ជកម្ម និងភាពក្រីក្របានឆ្លងជំងឺ COVID-19 នាពេលថ្មីៗនេះប៉ុណ្ណោះ បន្ទាប់មកលោកក៏បានទៅសម្រាកព្យាបាលជំងឺ នៅប្រទេសតួកគីកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ហើយក៏បានទទួលមរណភាពនៅទីនោះតែម្តង។

គួរជម្រាបថា រហូតមកទល់ពេលនេះ ប្រទេសអាហ្វហ្គានីស្ថានបានកត់ត្រាករណីឆ្លង COVID-19 សរុបជាង ៣.២ម៉ឺនករណី ដោយក្នុងនោះអ្នកជំងឺ ៨២៦នាក់ស្លាប់បង់ជីវិត និងជិត ២ម៉ឺននាក់ជាសះស្បើយឡើងវិញ៕