(តូក្យូ)៖ មនុស្សយ៉ាងហោច ០២នាក់ត្រូវបានគេបារម្ភថា បានស្លាប់បាត់ទៅហើយ និង ១៣នាក់ផ្សេងទៀតកំពុងបាត់ខ្លួន នៅឯតំបន់ភាគខាងលិចប្រទេសជប៉ុន ជាទីដែលកំពុងកើតមានភ្លៀងធ្លាក់ខ្លាំង បង្កជាគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ដោយបង្ខំឱ្យអាជ្ញាធរសម្រេច​ជម្លៀសប្រជាជនកើនដល់ច្រើនជាង ២០០,០០០នាក់ ទៅកាន់កន្លែងមានសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២០។

ទីភ្នាក់ងារឧតុនិយមជប៉ុន បានបន្ធូរបន្ថយការព្រមានពីភ្លៀងធ្លាក់នៅទីក្រុង គូម៉ាម៉ូតុ (Kumamoto) និងទីក្រុង កាហ្គោស៊ីម៉ា (Kagoshima) នៃកោះ គ្យូស៊ុ (Kyushu)។ ប៉ុន្តែនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ នៅតែជំរុញឱ្យប្រជាជនក្នុងតំបន់ មានការប្រុងប្រយ័ត្នខ្ពស់ដដែល ខណៈភ្លៀងធ្លាក់ខ្លាំងអាចនឹងបន្តធ្លាក់ រហូតដល់នៅថ្ងៃអាទិត្យស្អែកនេះ។ បន្ថែមពីលើនេះលោក អាបេ ក៏បានបង្គាប់ឱ្យទាហាន ១០,០០០នាក់ប្រចាំការ និងត្រៀមខ្លួនជានិច្ចសម្រាប់ការដាក់ពង្រាយភ្លាមៗ ដើម្បីចូលរួមនៅក្នុងប្រតិបត្តិការជួយង្រ្គោះ។

គួរបញ្ជាក់ថា បើតាមសារព័ត៌មានជប៉ុន Kyodo ប្រជាជនកើនដល់ច្រើនជាង ២០០,០០០នាក់នៅក្នុងទីក្រុង Kumamoto និងទីក្រុង Kagoshima ត្រូវបានបង្គាប់ឱ្យជម្លៀស ទៅកាន់មានកន្លែងមានសុវត្ថិភាព ហើយខ្សែរថភ្លើងនៅក្នុងតំបន់ ត្រូវផ្អាកសកម្មភាពជាបណ្ដោះអាសន្ន រីឯផ្ទះច្រើនជាងច្រើន ៨,០០០ខ្នងគ្មានអគ្គិសនីប្រើប្រាស់។ បច្ចុប្បន្ន ប្រទេសជប៉ុនកំពុងស្ថិតនៅក្នុងរដូវវស្សា ដែលជាញឹកញាប់បង្កជាគ្រោះទឹកជំនន់ និងការរអិលបាក់ដី ដែលជាហេតុជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ចេញបទបញ្ជាជម្លៀសប្រជាជនជាបន្ទាន់៕