(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានជំរុញឱ្យបណ្តាប្រទេសដែលរងគ្រោះដោយ COVID-19 ឱ្យភ្ញាក់ខ្លួនលើស្ថានភាពនៃការរីករាលដាលនៅក្នុង ប្រទេសរបស់ខ្លួនហើយគួរចាត់វិធានបន្ថែម ដើម្បីគ្រប់គ្រងការឆ្លងឱ្យកាន់តែ មានប្រសិទ្ធភាពជាងបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២០។

លោក ម៉ៃខឺល រីយ៉ាន (Michael Ryan) ប្រធានផ្នែកសង្គ្រោះបន្ទាន់របស់​អង្គការសុខភាពពិភពលោក (WHO) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «យើងចាំបាច់ត្រូវតែភ្ញាក់ខ្លួនឡើងវិញ ទិន្នន័យដែលយើងចេញផ្សាយ មិនមែនជារឿងបោកបញ្ឆោត ហើយស្ថានការណ៍ជាក់ស្តែង​ក៏មិនមែនការជាការក្លែងបន្លំដែរ»។ រហូតមកទល់នឹងពេលនេះ នៅជុំវិញពិភពលោកមានករណីឆ្លង COVID-19 យ៉ាងហោចណាស់ ១១លានករណី ក្នុងនោះមនុស្សស្លាប់ជាង ១២៩,០០០នាក់ ខណៈដែលសហរដ្ឋអាមេរិកជាប្រទេសដែលមានករណីឆ្លង និងស្លាប់ច្រើនជាងគេបង្អស់ ខណៈប្រេស៊ីលស្ថិតនៅបន្ទាប់

មន្ត្រីអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា មានប្រទេសជាច្រើនដែលកំពុងធ្វើការព្រងើយកន្តើយ នឹងទិន្នន័យរបស់អង្គការសុខភាពពិភពលោក ទោះជាយ៉ាងនេះក្តី វាមិនទាន់យឺតពេលទេ ដែលយើងអាចគ្រប់គ្រងជំងឺរាតត្បាតនេះ។ WHO បានបន្តទៀតថា សេដ្ឋកិច្ចជាហេតុផលចាំបាច់ ដែលជំរុញឱ្យប្រទេសនីមួយៗ​ចង់បើកប្រទេសសម្រាប់ធ្វើអាជីវកម្មឡើងវិញ ហើយវាជារឿងសមហេតុផល ប៉ុន្តែយើងមិនអាចធ្វេសប្រហែលបានឡើយ ព្រោះជំងឺនេះនឹងមិនអាចបាត់ទៅវិញដោយវេទមន្តនោះទេ៕