(វ៉ាស៊ីនតោន)៖ កងនាវាអាមេរិក កំពុងបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំងពីរគ្រឿងទៅកាន់តំបន់សមុទ្រចិនខាងត្បូង ដើម្បីដឹកនាំការធ្វើសមយុទ្ធយោធាមួយ ខណៈចិនក៏កំពុងដឹកនាំការធ្វើសមយុទ្ធយោធា នៅក្បែរជម្លោះតំបន់ដែនទឹក​នៅក្នុងតំបន់នេះដែរ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន South China Morning Post នៅរសៀលថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២០។

ឧត្ដមនាវីឯកអាមេរិក ចច វីកូហ្វ (George Wikoff) បានប្រាប់ពីការធ្វើសមយុទ្ធដល់សារព័ត៌មាន Wall Street Journal នៅថ្ងៃសុក្រសប្ដាហ៍នេះ។ លោក ចច បានបន្ថែមថា នាវាផ្ទុកយន្ដហោះចម្បាំង USS រ៉ូណាល់ រីហ្គែន (USS Ronald Reagan) និង USS នីមីតស៍ (USS Nimitz) រួមទាំងនាវាចម្បាំង ០៤គ្រឿងផ្សេងទៀត នឹងដឹកនាំការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដោយចាប់ផ្ដើមនៅថ្ងៃសៅរ៍នេះតែម្ដង។ ប៉ុន្តែទន្ទឹមគ្នាលោក George Wikoff ទីតាំងពិតប្រាកដ​នៃការធ្វើសមយុទ្ធយោធា មិនត្រូវបានបង្ហើបឱ្យដឹងឡើយ។

គួរបញ្ជាក់ថា ការធ្វើសមយុទ្ធយោធារបស់សហរដ្ឋអាមេរិក កើតមានឡើងក្នុងពេលតែមួយ ដែលចិនកំពុងដឹកនាំការធ្វើសមយុទ្ធរយៈពេល ០៥ថ្ងៃ នៅក្បែរទីប្រជុំកោះជម្លោះ ផារ៉ាសែល (Paracel) ចាប់ផ្ដើមកាលពីថ្ងៃពុធសប្ដាហ៍នេះ និងចំពេលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងកំពុងតឹងសរសៃកដាក់គ្នា លើបញ្ហាជាច្រើនក្នុងនោះរួមមាន ទាំងការអនុម័តច្បាប់សន្តិសុខជាតិ​សម្រាប់ទីក្រុងហុងកុង។ Paracel គឺជាទីប្រជុំកោះដែលចិន និងវៀតណាម កំពុងមានជម្លោះនឹងគ្នា ដោយប្រទេសទាំង ២ សុទ្ធតែបានអះអាងថា ទីប្រជុំកោះនេះជាសកម្មសិទ្ធិ​នៃប្រទេសរបស់ពួកគេរៀងៗខ្លួន៕