(ប្រេស៊ីឡា)៖ តាមសេចក្តីប្រកាសជាផ្លូវរបស់រដ្ឋាភិបាល នៅថ្ងៃសុក្រសប្តាហ៍នេះបានឱ្យដឹងថា ប្រធានាធិបតីប្រេស៊ីលលោក ហ្សែរ បូលសូណារ៉ូ (Jair Bolsonaro) បានប្រើអំណាចជំទាស់ (Veto) លើការអនុម័តច្បាប់ជាតិ​ដែលនឹងតម្រូវឱ្យពាក់ម៉ាសនៅ លើមធ្យោបាយធ្វើដំណើរសាធារណៈ ក្នុងគ្រឹះស្ថានពាណិជ្ជកម្ម កន្លែងជួបជុំសាសនា និងនៅតាមទីសាធារណៈ។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២០។

សេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តដោយសភា កាលពីថ្ងៃទី០៩ ខែមិថុនា កន្លងទៅស្តីពីការផាកពិន័យ ចំពោះអ្នកដែលមិនពាក់ម៉ាសនៅតាមទីសាធារណៈ ប៉ុន្តែច្បាប់នេះត្រូវបានបដិសេធវិញ ដោយលោកប្រធានាធិបតី Bolsonaro ហើយលោកបានអះអាងថា វាជាការរំលោភសិទ្ធិរបស់ប្រជាជនក្នុងការជួបជុំនៅក្នុងផ្ទះរបស់ពួកគេក្នុងន័យអាជីវកម្ម ឬគោលបំណងផ្សេងៗទៀត។

លើសពីនេះទៅទៀត លោកប្រធានាធិបតី Bolsonaro ក៏បានធ្វើការបដិសេធលើកថាខណ្ឌ ដែលតម្រូវឱ្យរដ្ឋាភិបាលចែកចាយម៉ាស ទៅឱ្យប្រជាជនដែលងាយរងគ្រោះ និងតម្រូវឲ្យក្រុមហ៊ុនផ្តល់ម៉ាស ដោយឥតគិតថ្លៃដល់និយោជិកផងដែរ។

គួរបញ្ជាក់ថា បើទោះបីជាមិនទាន់មានការអនុម័តច្បាប់ថ្នាក់ជាតិ ដែលតម្រូវឱ្យពាក់ម៉ាសនៅតាមទីសាធារណៈក្តី ប៉ុន្តែអាជ្ញាធរក្នុងតំបន់មួយចំនួន បានតម្រូវឱ្យប្រជាជនរបស់ខ្លួនធ្វើការពាក់ម៉ាស នៅតាមទីសាធារណៈរួចទៅហើយ ខណៈដែលអត្រាឆ្លង និងស្លាប់ដោយសារ COVID-19 កំពុងស្ថិតនៅលំដាប់កំពូលលើលោក។ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រទេសប្រេស៊ីលមានករណីឆ្លង COVID-19 សរុបចំនួន ១,៤៩៦,៨៥៨ករណី ក្នុងនោះមនុស្សស្លាប់សរុបមានចំនួន ៦១,៨៨៤នាក់៕