(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានតែងតាំង លោក ហ្សង់ កាស្តិច (Jean Castex) ជានាយករដ្ឋមន្រ្តីបារាំងថ្មី ជំនួសលោក អេឌូអាដ ហ្វីលីព (Edouard Philippe) ដែលបានលាលែងពីតំណែង នៅថ្ងៃសុក្រនេះ។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០។

លោក កាស្តិច ដែលជាអតីតទីប្រឹក្សាអតីតប្រធានាធិបតីបារាំង លោក នីកូឡាស់ សាក់កូហ្ស៉ី (Nicolas Sarkozy) ត្រូវបានលោក ម៉ាក្រុង ប្រគល់ភារកិច្ចឲ្យកាលពីខែមេសាកន្លងទៅ ដើម្បីពិនិត្យចាត់ចែងលើការលុបចោលដោយសន្សឹមៗនូវ វិធានការបិទប្រទេសពាក់ព័ន្ធនឹង ជំងឺ COVID-19។ ពីមុនមក លោក កាស្តិច ពុំធ្លាប់ធ្វើជារដ្ឋមន្រ្តីឡើយ ប៉ុន្តែលោកធ្លាប់មានតួនាទីនៅតាមក្រសួងមួយចំនួនរបស់បារាំង រ កាល ពីឆ្នាំ២០១០ លោក កាស្តិច ត្រូវបានអតីតប្រធានាធិបតីបារាំង លោក សាក់កូហ្ស៉ី តែងតាំងជាទីប្រឹក្សាផ្នែកសង្គមកិច្ច។

គួរជម្រាបថា សម្រាប់លោក ហ្វីលីព វិញ គឺលោកបានកាន់តំណែងជាប្រមុខរដ្ឋាភិបាលលោក ម៉ាក្រុង អស់រយៈពេល៣ឆ្នាំ ហើយការ លាលែងពីតំណែងរបស់លោក កើតមានឡើងស្របពេលលោក ទើបតែឈ្នះឆ្នោតជាអភិបាលក្រុង ឡាហារ (La Havre) នៃប្រទេស បារាំង ដែលជាស្រុកកំណើតរបស់លោកផ្ទាល់។ ដោយឡែក លោក ម៉ាក្រុង គ្រោងនឹងរុះរើគណៈរដ្ឋមន្រ្តីឡើងវិញតែម្តង ដើម្បីជំរុញ ឲ្យមានការងើបសេដ្ឋកិច្ចឡើងវិញ ក្រោយពេលវិបត្តិ COVID-19៕