(ហ្សឺណែវ)៖ មូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមារ (UNICEF) បាន និងកំពុងពន្លឿនការចរចាទិញថ្នាំ ដិចហ្សាមេតាសុន (dexamethasone) សម្រាប់ប្រជាជន ៤.៥លាននាក់ នៅក្នុងប្រទេសក្រីក្រ ដែលអាចរកបានប្រាក់ចំណូលទាប និងមធ្យម។ dexamethasone គឺជាថ្នាំដែលត្រូវបានគេបញ្ជាក់ថា មានប្រសិទ្ធខ្ពស់ក្នុងការព្យាបាលអ្នកជំងឺ COVID-19 ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០។

បើតាម UNICEF កាពន្លឿនកិច្ចចរចាទិញថ្នាំ dexamethasone ធ្វើឡើងនៅក្រោមកិច្ចព្រមព្រៀងដឹកនាំដោយអង្គការ UNITAID និង Wellcome ក្រោមក្របខណ្ឌនៃផែនការ បង្កើនការព្យាបាលរបស់​អង្គការសុខភាពពិភពលោក WHO។ នាយកប្រតិបត្តិស្ដីទីនៃអង្គការ UNITAID លោក Philippe Duneton បានបញ្ជាក់ដូច្នេះដែរថា «ជាមួយការពន្លឿន ការទិញថ្នាំ dexamethasone យើងមានគោលបំណងធានាឱ្យបាននូវសមភាព នៃការទទួលបានការព្យាបាល សម្រាប់ប្រជាជននៅតាមប្រទេសមានប្រាក់ចំណូលទាប និងមធ្យម ក៏ដូចជាបញ្ជៀសការខ្វះខាត និងតម្រូវការពីតំបន់ ឬប្រទេសមួយចំនួននៃពិភពលោក»