(តៃប៉ិក)៖ អាជ្ញាធរកោះតៃវ៉ាន់បានបណ្ដេញអ្នកកាសែតចិនដីគោក ០២នាក់ ចេញពីដែនកោះរបស់ខ្លួននៅថ្ងៃសុក្រនេះ បន្ទាប់ពីកម្មវិធីជជែកពិភាក្សាមួយ​នៅលើស្ថានីយទូរទស្សន៍របស់ពួកគេ គាំទ្រឱ្យទីក្រុងប៉េកាំង បង្រួបបង្រួមជាតិជាមួយកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០។

ការសម្រេចចិត្តរបស់អាជ្ញាធរតៃវ៉ាន់ មិនទាន់ត្រូវបានគេបញ្ជាក់ថា មានជាប់ពាក់ព័ន្ធនឹងភាពតានតឹងបច្ចុប្បន្នរវាងចិន និងអាមេរិក ដែលជាខ្នងបង្អែករបស់ទីក្រុងតៃប៉ិ ឬក៏យ៉ាងណានោះទេ។ ប៉ុន្តែវាបានកើតឡើង​ក្រោយទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន បណ្ដេញអ្នកសារព័ត៌មានជាច្រើននាក់ចេញពីប្រទេស ជាការសងសឹកដាក់គ្នាទៅវិញទៅមក។

បើតាមក្រុមប្រឹក្សាកិច្ចការចិនដីគោករបស់កោះតៃវ៉ាន់ អ្នកកាសែតចិនទាំង ០២នាក់ខាងលើនេះ មកពីស្ថានីយទូរទស្សន៍ China Southeast TV ត្រូវបានបង្គាប់ឱ្យវេចបង្វិច​ចាកចេញពីនៅថ្ងៃសុក្រនេះ ដោយសារតែរំលោភបំពាន លើច្បាប់សម្រាប់អ្នកកាសែតចិនដីគោក។ ក្រុមប្រឹក្សានេះដដែល បានបញ្ជាក់បន្ថែមដូច្នេះថា «ពួកគេបានបំពានលើច្បាប់ ហើយអាជ្ញាធរបានសម្រេចចិត្ត មិនបន្តការអនុញ្ញាតដល់ពួកគេតទៅទៀត ដោយតម្រូវឱ្យពួកគេត្រូវតែចាកចេញពីកោះតៃវ៉ាន់ នៅថ្ងៃទី០៣ ខែកក្កដា នេះតែម្ដង»

តែទោះជាបែបនេះអ្នកនាង អាយ កេជូ ( Ai Kezhu) ដែលជាអ្នកកាសែត ក្នុងចំណោម ០២នាក់ត្រូវបានបណ្ដេញចេញ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ នៅអាកាសយានដ្ឋានអន្តរជាតិ តាវយាន (Taoyuan international) មុនឡើងជិះយន្ដហោះ​ត្រឡប់ទៅកាន់ប្រទេសចិនវិញ នៅថ្ងៃសុក្រនេះថា អ្នកនាងមិនយល់ទាល់សោះ ចំពោះបទបញ្ជារបស់អាជ្ញាធរទីក្រុងតៃប៉ិ និងថាវាជាងរឿងចម្លែក៕