(ហុងកុង)៖ ប្រតិកម្មរបស់បណ្ដាប្រទេសអាស៊ីភាគច្រើន ទៅនឹងច្បាប់សន្តិសុខជាតិថ្មីរបស់ចិនសម្រាប់ទីក្រុងហុងកុង ហាក់ដូចជាបង្ហាញថាពួកគេមិនសូវមានការព្រួយបារម្ភ អ្វីឡើយ ផ្ទុយពីសហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុប ដែលនាំគ្នាព្រមានទីក្រុងប៉េកាំងថា អាចនឹងជួបផលវិបាក។ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ចិនបានអនុម័ត និងដាក់ឱ្យ ប្រើប្រាស់ច្បាប់សន្តិសុខជាតិថ្មីលើទីក្រុងហុងកុង ជាមួយការបញ្ជាក់ថាវានឹងជួយដល់តំបន់រដ្ឋបាលពិសេសចិនមួយនេះ ក្នុងការស្ដារឡើងវិញនូវស្ថេរភាព និងសណ្ដាប់ធ្នាប់ បន្ទាប់ពីភាពចលាចលសង្គមបង្កឡើងដោយបាតុកម្មតវ៉ា រយៈពេលជាងមួយឆ្នាំមកនេះ។

ក្រោយច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងហុងកុងត្រូវបានអនុម័ត រដ្ឋាភិបាលជប៉ុន បានបញ្ចេញប្រតិកម្មភ្លាមៗ ដោយនិយាយថា វានឹងបំផ្លាញទំនុកចិត្តរបស់អន្តរជាតិចំពោះ គោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ»។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Yoshihide Suga មិនបានបញ្ជាក់ពីគោលជំហរ តឹងរ៉ឹង ឬប្រឆាំងជំទាស់ដាច់ខាតទៅនឹងច្បាប់សន្តិសុខជាតិឡើយ ដោយគ្រាន់តែបង្ហាញពីការសោកស្ដាយ និងនិយាយថា ការអនុម័តច្បាប់នេះកើតមានឡើង នៅចំពោះមុខ ការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់សហគមន៍អន្តរជាតិ និងប្រជាជនហុងកុង តែប៉ុណ្ណោះ។

លោក James Brown មកពីសាកលវិទ្យាល័យ Temple University នៅក្នុងប្រទេសជប៉ុន យល់ថាច្បាប់សន្តិសុខជាតិថ្មីទីក្រុងហុងកុង បាន និងកំពុងធ្វើឱ្យនាយករដ្ឋមន្ត្រី ជប៉ុន លោក អាបេ ស៊ីនហ្សូ ស្ថិតនៅលើគោលជំហរមួយដ៏លំបាកដោយត្រូវកៀបចំកណ្ដាលរវាងចិន និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន ជាពិសេសគឺក្រុមប្រទេស G7 ដែលកំពុង ដាក់សម្ពាធឱ្យលោក ប្រកាន់ជំហរតឹងរ៉ឹងប្រឆាំងនឹងចិន។ ក្រុមប្រទេស G7 រួមមាន កាណាដា, បារាំង,អាល្លឺម៉ង់,អ៉ីតាលី,ចក្រភពអង់គ្លេស,សហរដ្ឋអាមេរិក និងជប៉ុន។

លោក Brown បានគូសបញ្ជាក់ដូច្នេះថា៖ «ការរក្សាស្ថេរភាពនៃទំនាក់ទំនងជាមួយចិន គឺជាសមិទ្ធផលការទូតមួយដ៏សំខាន់របស់លោក អាបេ ហើយលោកក៏មិនចង់ឱ្យ សមិទ្ធផលនេះត្រូវបានបំផ្លាញនោះដែរ...ដូច្នេះខ្ញុំគិតថាលោក អាបេ នឹងបន្តអនុវត្តគោលជំហរប្រយ័ត្នប្រយែងបែបនេះ។ ពោលគឺ បើទោះជារដ្ឋាភិបាលរបស់លោកបង្ហាញការ សោកស្ដាយចំពោះសកម្មភាពរបស់ចិនលើទីក្រុងហុងកុងក៏ពិតមែន ប៉ុន្តែទីក្រុងតូក្យូ នឹងជៀសវាងការប្រើប្រាស់ភាសាធ្ងន់ធ្ងរៗ ដែលនាំឱ្យចិនអាក់អន់ស្រពន់ចិន ដូចអាមេរិក អង់គ្លេស និងប្រទេសអឺរ៉ុបមួយចំនួន បានធ្វើនោះទេ»។ លោក Brown បន្ថែមទៀតថាសម្រាប់លោក អាបេ ចិនគឺជាដៃសេដ្ឋកិច្ចមិនអាចខ្វះបានរបស់ប្រទេសជប៉ុន។

ដោយឡែក និយាយពីប្រទេសអាស៊ីផ្សេងទៀត ដូចជាកូរ៉េខាងជើង មិនមានអ្វីត្រូវនិយាយឡើយ នោះគឺរបបដឹកនាំទីក្រុងព្យុងយ៉ាង ដែលជាសម្ព័ន្ធមិត្តរបស់ចិនបានគាំទ្រ ច្បាប់សន្តិសុខជាតិថ្មីយ៉ាងពេញទំហឹង។ ចំណែកឯ ប្រទេសនូវែលសេឡង់ និងអូស្រ្តាលីវិញ បានបង្ហាញការមិនពេញចិត្តទៅនឹងច្បាប់នេះ ខណៈអគ្គរដ្ឋទូត និងជាតំណាង អចិន្ត្រៃយ៍ឥណ្ឌា ប្រចាំអង្គការសហប្រជាជាតិលោក Rajiv Chander បាននិយាយថាឥណ្ឌាកំពុងឃ្លាំមើលស្ថានការណ៍វិវត្តន៍នៅក្នុងទីក្រុងហុងកុង យ៉ាងយកចិត្តទុកដាក់។

នេះគឺជាលើកដំបូង ដែលឥណ្ឌា បានបញ្ចេញប្រតិកម្មលើច្បាប់សន្តិសុខជាតិថ្មី ហើយក្រុមអ្នកវិភាគជឿជាក់ថា ប្រតិកម្មបែបនេះកើតឡើងដោយសារតែជម្លោះព្រំដែនជាមួយចិន កាលពីខែមិថុនាកន្លងទៅ ដែលបណ្ដាលឱ្យកងទ័ពឥណ្ឌា យ៉ាងហោច២០នាក់ស្លាប់។ ប្រទេសអាស៊ីដទៃទៀត ក្នុងនោះរួមមានទាំងកូរ៉េខាងត្បូង និងបណ្ដាប្រទេសទាំង១០ ជាសមាជិកអាស៊ាន ក៏មិនមានប្រទេសណាមួយចេញមុខចេញមាត់ថ្កោលទោសចិនចំៗនោះដែរ។ នេះក៏ដោយសារតែចិន គឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់របស់ពួកគេ ហើយប្រទេស ទាំងនេះទៀតសោត ភាគច្រើនសុទ្ធតែកំពុងចូលរួមក្នុងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ ជាមួយទីក្រុងប៉េកាំង។ ដូច្នេះ វាគ្មានហេតុផលអ្វីដែលតម្រូវឱ្យពួកគេ បំផ្លាញ ផលប្រយោជន៍សេដ្ឋកិច្ចខ្លួនឯងជាមួយចិន កំឡុងពេលកំពុងជួបវិបត្តិសេដ្ឋកិច្ចស្រាប់ដែលបង្កឡើងដោយ COVID-19។ លើសពីនេះទៀត ការមិនលូកដៃជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ គឺជាគោលការណ៍គ្រឹះមួយនៃសមាគមអាស៊ាន។

គួរបញ្ជាក់ថា ច្បាប់សន្តិសុខជាតិថ្មីរបស់ចិន សម្រាប់ទីក្រុងហុងកុង ដែលមាន៦ជំពូក និង៦៦មាត្រា បានចែងពីទោសឧក្រិដ្ឋបួនប្រភេទ ក្នុងនោះរួមមាន៖ «សកម្មភាពបំបែករដ្ឋ, វិទ្ធង្សនាប្រឆាំងរដ្ឋអំណាច, ភេរវកម្ម និងការ គប់គិតជាមួយបរទេស ក៏ដូចជាកម្លាំងនៅខាងក្នុងស្រុក បំផ្លាញដល់សន្តិសុខជាតិ។ នៅក្រោមច្បាប់ថ្មីនេះ មេគំនិតនិងអ្នកប្រព្រឹត្ត លើ្មសធ្ងន់ធ្ងរ អាចនឹងប្រឈមមុខ ជាប់ពន្ធនាគារអស់មួយជីវិត ឬ ជាប់ពន្ធនាគាររយៈពេលយូរបំផុត១០ឆ្នាំ ឬក៏អាចច្រើនជាងនេះសម្រាប់ការប្រព្រឹត្តបទឧក្រិដ្ឋ ទំាងបួនប្រភេទខាងលើ»៕

ប្រភព៖ South China Morning Post (ថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០)