(ហុងកុង)៖ អាជ្ញាធរហុងកុងនៅថ្ងៃសុក្រនេះបានប្រកាសថា ការប្រើប្រាស់ពាក្យស្លោក «រំដោះហុងកុង គឺជាបដិវត្តន៍នៃសម័យកាលយើង» ដែលជាពាក្យស្លោកដ៏ពេញនិយមរបស់ក្រុមបាតុករហុងកុង គឺជារឿងខុសច្បាប់ ដ្បិតថាពាក្យស្លោកនេះ វាមានចេតនាជំរុញឲ្យមានការបំបែកខ្លួន ឬការធ្វើវិទ្ធង្សនា ដែលច្បាប់សន្តិសុខថ្មីបានហាមឃាត់ជាដាច់ខាត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០។

តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន អាជ្ញាធរហុងកុងបានលើកឡើងយ៉ាងដូច្នេះថា ពាក្យស្លោក «រំដោះហុងកុង គឺជាបដិវត្តនៅសម័យកាលយើង» វាមានន័យបង្កប់ថា ហុងកុងចង់បានឯករាជ្យ ឬមានបំណងចង់បំបែកតំបន់រដ្ឋបាលពិសេសមួយនេះចេញពីចិន ដែលនេះគឺវាផ្ទុយទៅនឹងច្បាប់សន្តិសុខជាតិថ្មីរបស់ចិន សម្រាប់ទីក្រុងហុងកុង។

កាលពីថ្ងៃពុធសប្តាហ៍នេះ នៅចំថ្ងៃដែលទីក្រុងហុងកុងបានប្រារព្ធពិធីគម្រប់ខួប ២៣ឆ្នាំ នៃការប្រគល់អតីតដែនដីអាណានិគមអង់គ្លេសមួយនេះ ទៅឲ្យចិនគ្រប់គ្រងវិញ អាជ្ញាធរដែនដីមួយនេះបានចាប់បាតុករខ្លួនចំនួន ៣៧០នាក់ ដោយក្នុងនោះមាន ១០នាក់ជាប់ពាក់ព័ន្ធនឹង​ការរំលោភច្បាប់ថ្មីខាងលើនេះ។

តែទោះជាយ៉ាងនេះក្ដី ទៅក្រុងប៉េកាំង និងរដ្ឋបាលទីក្រុងហុងកុង នៅតែបញ្ជាក់ជំហរដដែលថា ច្បាប់នេះមានគោលដៅតែលើឧក្រិដ្ឋជនប៉ុណ្ណោះ ហើយវានឹងមិនធ្វើឲ្យប៉ះពាល់អ្វីទាំងអស់​ដល់សិទ្ធិសេរីភាពរបស់ប្រជាជនទីក្រុងហុងកុង។ ផ្ទុយទៅវិញ ច្បាប់នេះនឹងជួយពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់របស់ទីក្រុងហុងកុង ក៏ដូចជាគោលនយោបាយ «ប្រទេសមួយប្រព័ន្ធពីរ»៕