(វ៉ាស៊ីនតោន)៖ ការផ្ទុះករណីឆ្លង COVID-19 រលកទី ២ នៅសហរដ្ឋអាមេរិក ហាក់កំពុងធ្លាក់ចូលក្នុងស្ថានការណ៍កាន់តែធ្ងន់ហើយ ខណៈអាជ្ញាធរបានរកឃើញអ្នកឆ្លងថ្មីៗ រហូតដល់ទៅ ៥៣,៧៣៣នាក់ តែក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន)។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសុក្រ ទី០៣ ខៃកក្កដា ឆ្នាំ២០២០។

អាជ្ញាធរអាមេរិកបានមើលឃើញអត្រាឆ្លងខ្ពស់ៗបំផុត នៅក្នុងរយៈពេលបីថ្ងៃជាប់ៗគ្នានោះគឺថ្ងៃចន្ទ អង្គារ និងពុធសប្តាហ៍នេះ ខណៈរដ្ឋចំនួន ៣៧ ក្នុងចំណោម ៥០ សុទ្ធតែបានរាយការណ៍ពីករណីឆ្លង មានសន្ទុះកើនឡើងឥតឈប់ឈរ។

គួរបញ្ជាក់ថា គ្រាន់តែរដ្ឋផ្លូរីដាមួយប៉ុណ្ណោះ ដែលមានប្រជាជនរស់នៅជាង ២១លាននាក់នោះ បានរកឃើញអ្នកឆ្លង COVID-19 ថ្មីៗរហូតដល់ទៅជាង ១០,០០០នាក់ នៅក្នុងពេល ២៤ម៉ោងកន្លងទៅនេះ។ បើគិតពីរយៈពេលមួយសប្តាហ៍ចុងខែមិថុនា កន្លងទៅនេះ សហរដ្ឋអាមេរិកបានរកឃើញអ្នកឆ្លង COVID-19 ជាមធ្យម ៤២,០០០នាក់ក្នុងមួយថ្ងៃ។

សហរដ្ឋអាមេរិកចាប់ផ្តើមផ្ទុះការឆ្លងរលកទី ២ បន្ទាប់ពីការបើកទ្វាររដ្ឋនានាឡើងវិញ និងការផ្ទុះបាតុកម្មទាមទាររកយុត្តិធម៌ឲ្យ បុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ ដែលបានស្លាប់ក្រោមក្បាលជង្គង់ប៉ូលិសស្បែកស នៅក្នុងទីក្រុងមីននាផូលី រដ្ឋមីននីសូតា ចាប់តាំងពីចុងខែឧសភា ឆ្នាំ២០២០។ បច្ចុប្បន្នសហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 សរុប ២,៨៣៣,៦៨៦ករណី ក្នុងនោះស្លាប់ចំនួន ១៣១,៤១៧នាក់ និងជាសះស្បើយចំនួន ១,១៨៥,៥៤៣នាក់៕