(តូក្យូ)៖ នៅថ្ងៃព្រហស្បតិ៍នេះ អាជ្ញាធរសុខាភិបាលនៃទីក្រុងតូក្យូរបស់ប្រទេសជប៉ុន បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 សរុប១០៧នាក់ ដែលជាអត្រាឆ្លងប្រចាំថ្ងៃមានកម្រិតខ្ពស់មិនធ្លាប់មានឡើយ ក្នុងរយៈពេល២ខែមកនេះ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០២០។

រាជធានីរបស់ប្រទេសជប៉ុន ដែលមានមនុស្សរស់នៅខ្ទង់១៤លាននាក់ ពីដំបូងឡើយបានដាក់គោលដៅថា នឹងព្យាយាមរក្សាឲ្យបាននូវ អត្រាឆ្លងប្រចាំថ្ងៃក្រោម២០ករណី បន្ទាប់ពីរដ្ឋាភិបាលជប៉ុនបានដកការប្រកាសភាពអាសន្ន កាលពីថ្ងៃទី២៥ ខែឧសភា កន្លងទៅ ប៉ុន្តែ ហាក់ធ្វើមិនបានឡើយ ដោយអំឡុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ភាគច្រើនអត្រាឆ្លងប្រចាំថ្ងៃគឺលើសពី៦០នាក់ សឹងតែជាប់មករហូត។

គួរជម្រាបថា លើកចុងក្រោយ ដែលអត្រាអ្នកឆ្លងប្រចាំថ្ងៃបានកើនលើស១០០នាក់ នៅក្នុងទីក្រុងតូក្យូ គឺកាលពីថ្ងៃទី០២ ខែឧសភា។ បើកាលពីថ្ងៃពុធម្សិលមិញ វិញ តូក្យូបានរាយការណ៍ថា រកឃើញអ្នកឆ្លង៦៧នាក់។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក យ៉ូស៉ីហ៉ីដេ ស៊ូហ្គា បាន និយាយថា បើតាមការយល់ឃើញរបស់លោកផ្ទាល់ គឺវាហាក់មិនចាំបាច់ត្រូវមានការប្រកាសអាសន្ន ជាថ្មីម្តងទៀតឡើយ។

គិតមកទល់ពេលនេះ ប្រទេសជប៉ុនទាំងមូល បានរកឃើញករណីឆ្លង COVID-19 សរុបប្រហែលជិត១៩,០០០នាក់ ក្នុងនោះស្លាប់ជិត ១,០០០នាក់ និងជាង១៦,០០០នាក់៕