(អាហ្វ្រិក)៖ សត្វដំរីរាប់រយក្បាលបានងាប់នៅក្នុងប្រទេស បុតស្វាណា (Botswana) ក្នុងរយៈពេលជាង ២ខែមកនេះ ខណៈក្រុមអ្នកស្រាវជ្រាវនៅតែមិនទាន់អាចបញ្ជាក់បាន នៅឡើយថា តើពួកវាងាប់ដោយសារមូលហេតុអ្វីឱ្យប្រាកដនោះទេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០២ឮ ខែកក្កដា ឆ្នាំ២០២០។

បើតាមលោកវេជ្ជបណ្ឌិត នាល ម៉ាខេន (Niall McCann) បានឱ្យដឹងថា ក្រុមការងាររបស់លោកបានរកឃើញសត្វដំរីច្រើនជាង ៣៥០ក្បាល បានងាប់នៅឯតំបន់ដីសណ្ដ អូកាវ៉ាងហ្គោ (Okavango) នៃប្រទេស Botswana ចាប់តាំងពីដើមខែឧសភាមកម្ល៉េះ ប៉ុន្តែមកទល់នឹងពេលនេះ គ្មាននរណាម្នាក់អាចបញ្ជាក់បានឡើយថា សត្វដំរីទាំងនេះស្លាប់ដោយសារអ្វី ខណៈលទ្ធផលពិសោធន៍លើសំណាកនៅឯមន្ទីរពិសោធន៍ ត្រូវរង់ចាំពេលវេលាជាច្រើនសប្ដាហ៍ទៀត។

គួរបញ្ជាក់ថា អាជ្ញាធរបុតស្វាណា បានចាត់ទុកការងាប់យ៉ាងកម្រោល នៃសត្វដំរីរាប់រយក្បាលខាងលើ ក្នុងពេលតែជាង ២ខែនោះ គឺជារឿងមិនធ្លាប់មានពីមុនមក ខណៈកត្តាចម្បងមួយចំនួនត្រូវបានគេសង្ស័យ ក្នុងនោះអាចជាជំងឺឆ្លង ដែលរាតត្បាតលើប្រភពទឹក ឬដី ដែលពពួកសត្វដំរីទាំងនោះរស់នៅ។ Botswana ជាប្រទេសមួយស្ថិតនៅតំបន់អាហ្វ្រិកខាងត្បូង បាននិងកំពុងជួបប្រទះនឹងការបាត់សត្វដំរី ដោយកាលពីឆ្នាំ២០១៩ ដំរីយ៉ាងហោចណាស់ ១០០ក្បាលបានងាប់ដោយសារការប្រមាញ់ដោយខុសច្បាប់ ការពុល ឬជំងឺ៕