(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីនកំពុងតែធ្វើការស៊ើបអង្កេត លើករណីដ៏រសើបមួយ ពាក់ព័ន្ធនឹងមន្ត្រីប៉ូលិសជាតិ បានបាញ់សម្លាប់នាយទាហាន ០៤នាក់ស្លាប់ នៅតំបន់ភាគខាងត្បូងប្រទេស ដែលពោពេញដោយក្រុមឧទ្ទាមប្រដាប់អាវុធ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែមិថុនា ឆ្នាំ២០២០។

ទាហានខាងលើនេះ ស្លៀកសំលៀកបំពាក់ស៊ីវិល បានស្ថិតក្នុងប្រតិបត្តិការតាមរក ក្រុមកែច្នៃ និងបំផ្ទុះគ្រាប់បែកអត្តឃាត របស់ក្រុមឧទ្ទាមអាប៊ូសាយយ៉ាហ្វ ( Abu Sayyaf) ប៉ុន្តែបែរជាបានរងការបាញ់ប្រហារ ពីសំណាក់កងកម្លាំងប៉ូលិសជាតិ នៅក្នុងខេត្តស៊ូលូ (Sulu) កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បណ្តាលឲ្យស្លាប់ចំនួន ០៤នាក់។ ជុំវិញហេតុការណ៍នេះ អគ្គមេបញ្ជាការយោធាហ្វីលីពីន លោកឧត្តមសេនីយ៍ ហ្គីលប៊ឺត ហ្គាផេយ (Gilbert Gapay) បានធ្វើការចោទប្រកាន់ ទៅលើមន្ត្រីប៉ូលិសចំនួន ០៩នាក់ថា បានចូលរួមក្នុងករណីបាញ់ប្រហារលើទាហានទាំង ០៤នាក់ខាងលើ ខណៈមេប៉ូលិសហ្វីលីពីនជាតិវិញបានបកស្រាយថា «ជារឿងចៃដន្យ»

គួរបញ្ជាក់តាមការលើកឡើងដោយ រដ្ឋមន្រ្តីក្រសួងការពារជាតិហ្វីលីពីនលោក ឌែលហ្វីន ឡូរិនហ្សាណា (Delfin Lorenzana) ថា ការបាញ់ប្រហារនេះគឺជាឧប្បត្តិហេតុដ៏អកុសលមួយ ព្រោះទាហានទាំងនោះបានស្លាប់ នៅពេលកំពុងបំពេញការងាររបស់ពួកគេ។ លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា យើងមិនចង់ឲ្យបញ្ហានេះកើនឡើងទេ ហើយអាជ្ញាធរកំពុងស៊ើបអង្កេតលើបញ្ហានេះ៕